សំណង់អគារខ្ពស់ៗ និងអគារខុនដូរធំៗ ព្រមទាំងកាស៊ីណូដ៏មហិមា បានបង្ហាញរូបរាងនៅស្ទើរគ្រប់ច្រកល្ហកនៃទីក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ កម្ពុជាស្ថិតនៅចំកណ្ដាលនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវដ៏មានមហិច្ឆតារបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ ក្រុងព្រះសីហនុ ដែលជាទីតាំងនៃកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា បានក្លាយជាចំណុចប្រសព្វសម្រាប់វិនិយោគទុនចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ សំណង់អគារខ្ពស់ៗ និងអគារខុនដូរធំៗ ព្រមទាំងកាស៊ីណូដ៏មហិមាដែលមានលើកផ្លាកលម្អដោយភ្លើងភ្លឹបភ្លែតចម្រុះពណ៌ បានបង្ហាញរូបរាងនៅស្ទើរគ្រប់ច្រកល្ហកនៃទីក្រុង ដែលកំពុងតែមានសកម្មភាពសាងសង់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។
ជាមួយនឹងផែនការប្រែក្លាយក្រុងព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំនៅប្រទេសកម្ពុជា បច្ចុប្បន្ននៅក្នុងក្រុងមួយនេះមានគម្រោងសំណង់អគារខ្ពស់ៗរហូតដល់ប្រមាណជាង៨០០គម្រោង ដែលទិន្នន័យនេះត្រូវបានប្រកាសឡើងដោយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនៃការបើកសម្ពោធការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគំរូទូទាំងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ដែលចំណាយថវិកាជិត៣០០លានដុល្លារសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច តេជោ ហ៊ុន សែន បានប្រកាសថា បច្ចុប្បន្ននេះ គម្រោងសំណង់អគារខ្ពស់ៗដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅមានកំណើនរហូតដល់ប្រមាណជាង៨០០គម្រោង ដោយក្នុងនោះ អគារដែលត្រូវបានសាងសង់រួចជាស្ថាពរមានចំនួន ២២៩ អគារ។
ការហូរចូលយ៉ាងគំហុកនូវវិនិយោគិនចិន បានប្រែក្លាយទីក្រុងនេះ ដែលធ្លាប់មានឈ្មោះល្បីល្បាញដោយសារតែឆ្នេរខ្សាច់សក្បុស ហើយបរិយាកាសរំភើយនិងម្ហូបសមុទ្រដែលមានតម្លៃថោក ទៅជាការដ្ឋានសំណង់ដ៏ធំដែលពិបាកគ្រប់គ្រង។ ផ្លូវនានាដែលស្ថិតនៅចំកណ្ដាលទីក្រុង ត្រូវបានអមសងខាងដោយហាងនិងភោជនីយដ្ឋានចិន។ ផ្លាកផ្សាយពាណិជ្ជកម្មលក់ផ្ទះឬបន្ទប់ជួលជាភាសាចិន និងសេវាកម្មគ្រប់ប្រភេទជាភាសាចិន មានគ្រប់ទិសទី រួមទាំងនៅលើរ៉ឺម៉កកង់បីឬទុកទុកផងដែរ៕