អឺរ៉ុបប្ដេជ្ញាបន្តកិច្ចសហការដែលមិនចេះរីងស្ងួត និងជួយអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្រោយចប់វិបត្តិកូវីដ-១៩
(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានចេញមុខបន្តគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នៅពេលវិបត្តិជំងឺកូវីដ១៩ រសាត់ផុតចេញពីពិភពលោក ពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រជាជនមួយចំនួនដែលធ្លាប់បម្រើការក្នុងវិស័យសេវាកម្មបាត់បង់ការងារធ្វើ។ លើសពីនេះ នារយៈពេលចុងក្រោយនេះកម្ពុជាក៏នៅទទួលបានភ្ញៀវទេសចរក្នុងស្រុកខ្លះដែរ ដោយក្នុងរយៈពេល ៣ សប្ដាហ៍នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត ៤ សែននាក់បានចេញដើរទស្សនាទូទាំងប្រទេស។ ទាក់ទិននឹងបញ្ហានេះ កម្ពុជាបានដាក់ចេញវិធានការមួយចំនួន ដោយគ្រោងប្រមូលអ្នកបាត់បង់ការងារពីវិស័យទេសចរណ៍ ឱ្យមកទទួលការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែម ដើម្បីត្រៀមខ្លួនចូលមកបម្រើការងារនៅពេលភ្ញៀវទេសចរត្រលប់មកវិញ។ ដូច្នេះហើយបានជាឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ស្នើឱ្យសហភាពអឺរ៉ុបជួយគាំទ្រដល់កិច្ចការដ៏ចាំបាច់នេះ ពិសេសគឺការបង្រៀនតាមប្រព័ន្ធឌីជីថល ឬហៅថា E-learning។
លើសពីនេះឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើដល់សហភាពអឺរ៉ុបជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការ ពិសេសចែករំលែកបទពិសោធន៍លើការរៀបចំវិធានការដោះស្រាយបញ្ហាជំងឺកូវីដ និងការស្ដារវិស័យទេសចរណ៍ឡើងវិញតាមបែបផែនថ្មី New Normal life ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។ រួមទាំងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អឺរ៉ុប ដើម្បីជំរុញឱ្យមានចលនាទេសចរអន្តរជាតិមកកម្ពុជាវិញនៅក្រោយវិបត្តិជំងឺកូវីដ និងជួយជ្រោមជ្រែងរៀបចំរចនាសម្ព័ន្ធទីក្រុងស្អាត ទីក្រុងវៃឆ្លាត (Smart City)។ សំណើទាំងប៉ុន្មាននេះ ត្រូវបានលោកស្រីឯកអគ្គរដ្ឋទូត ខាមិន ម៉រីណូ ទទួលយកយ៉ាងពេញចិត្តបំផុត និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៍។ លោកស្រី ថែមទាំងបានប្ដេជ្ញាពាំនាំព័ត៌មានពាក់ព័ន្ធនឹងគោលដៅទេសចរណ៍នៅកម្ពុជា ក៏ដូចជាការត្រៀមខ្លួនរបស់ពលរដ្ឋកម្ពុជាក្នុងការទទួលភ្ញៀវទេសចរពីអឺរ៉ុប ពិសេសគឺកិត្តិនាមមនុស្សធម៌មិនចេះរីងស្ងួត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាបានជួយយកអាសាភ្ញៀវអន្តរជាតិនៅលើនាវា Westerdam យកទៅផ្សព្វផ្សាយទៅក្នុងទីផ្សារទេសចរណ៍អឺរ៉ុបគ្រប់ច្រកល្ហកឱ្យល្បីសុះសាយ៕