ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នាលោកស្រី កែ ឡេង សម្រេចចិត្តលាឈប់ពីអាជីពកីឡាប៉េតង់ដោយសារបញ្ហាសុខភាព

(ភ្នំពេញ)៖ ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីថាមិនអាចទ្រាំទ្រតទៅមុខទៀតបាន នេះបើយោងតាមការបង្ហោះ Cambodia SEA GAMES 2023 នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ លោកស្រី បានថ្លែងប្រាប់ CAMSOC ថាលោកស្រី សម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។

ស្ថិតនៅក្នុងវ័យ៥៧ឆ្នាំ វ័យកាន់តែចាស់ទៅ ហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការ ហ្វឹកហាត់យូរម៉ោង ក្នុង១ថ្ងៃៗ។ ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីពកីឡាការិនីប៉េតង់ ដ៏ឆ្នើមបំផុតរបស់កម្ពុជារូបនេះអាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។
សូមរម្លឹកថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា ពោលគឺចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ។ លោកស្រីបន្ថែមថា មកដល់ពេលនេះលោកស្រីមិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូល និងប៉េតង់កម្ពុជាណា ម្នាក់អាចស្នងដំណែងរបស់លោកស្រីបាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds