ស្ងាត់កូវីដ១៩បានជាង១ខែ វៀតណាមកំពុងរៀបចំផែនការថ្មី ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេស

(វៀតណាម)៖ ការឆ្លងរីករាលកដាលកូវីដ-១៩ នៅប្រទេសវៀតណាម ហាក់មានសភាពស្ងប់ស្ងាត់ជាង ១ខែមកហើយ។ ក្នុងស្ថានភាពធូរស្បើយពីកូវីដ-១៩នេះដែរ ឧស្សាហកម្មទេសចរណ៍វៀតណាម កំពុងរៀបចំនូវផែនការផ្សេងទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេស ពីបណ្ដាប្រទេស និងដែនដី ដែលមានការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ បានល្អ។

លោក ង្វៀន ត្រុង កាញ់ នាយករដ្ឋបាលទេសចរណ៍ជាតិវៀតណាម បាននិយាយនៅក្នុងសារព័ត៌មាន VN Express ថា ឧស្សហកម្មទេសចរណ៍ កំពុងរៀបចំនូវផែនការ ដើម្បីស្វាគមន៍ទេសចរមកពីបណ្ដាប្រទេស និងដែនដី ដែលមានការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព ចំពោះការរីករាលដាលនៃមេរោគកូវីដ-១៩។លោក ត្រុង កាញ់ បានបន្ថែមថា ក្រសួងទេសចរណ៍ នឹងដាក់បញ្ជូនផែនការនេះ ទៅកាន់រដ្ឋាភិបាល នូវកាលវិភាគ សម្រាប់ការបន្ធូរបន្ថយការរឹតបន្ដឹងទិដ្ឋាការជាបណ្ដើរៗ និងបើកដំណើរជើងហោះហើរអន្តរជាតិមួយចំនួនឡើងវិញ។
ទោះបីជាស្ថានភាពកូវីដ-១៩ នៅវៀតណាម ស្ថិតនៅក្នុងសភាពអាចគ្រប់គ្រប់បាន ពៅលគឺមិនបានរកឃើញករណីឆ្លងក្នុងប្រទេសចំនួន ៣៦ថ្ងៃមកហើយក្ដី ប៉ុន្ដែ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក កាលពីចុងសប្ដាហ៍មុននេះ បានបញ្ជាឲ្យបន្ដវិធានការតឹងរឹង ដើម្បីការពារការឆ្លងពីក្រៅប្រទេស។ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ធ្វើការសម្របសម្រួល ជាមួយនឹងក្រសួងការបទេស និងដាក់បញ្ជូនផែនការបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិទៅកាន់រដ្ឋាភិបាល ដើម្បីសម្រេច។

សូមបញ្ជាក់ថា ជាងមួយខែ បន្ទាប់ពីរដ្ឋាភិបាលវៀតណាមបន្ធូរបន្ថយការរឹតត្បិតការរក្សានូវគម្លាតសង្គម ប្រទេសវៀតណាម នៅតែបន្ដបិទការធ្វើដំណើរចូលពីសំណាក់ជនបរទេសដដែល។គិតត្រឹមថ្ងៃទី ២២ ខែឧសភានេះ វៀតណាមមានករណីអ្នកឆ្លងកូវីដ-១៩ សរុបមានចំនួន ៣២៤ នាក់ ខណៈដែលករណីឆ្លងនៅទូទាំងសកលលោកកើនឡើងដល់ជាង ៥លាននាក់ហើយ។ ក្នុងនោះ អាមេរិកឈរមុខគេដែលមានអ្នកឆ្លងសរុបជាង ១,៥ លាននាក់ បន្ទាប់មក គឺរុស្ស៊ី មានជាង៣២ម៉ឺននាក់, ប្រេស៊ីលមានជាង ៣១ម៉ឺននាក់ និងអង់គ្លេសមានជាង២៥ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds