ការលើកឡើងរបស់លោក ខាន់ សុវណ្ណ ថាចង់ចាប់ផ្សឹកព្រះសង្ឃក្រោមព្រះជន្ម៥៦វស្សា គឺស្មើនឹងការចង់រំលាយចោល ព្រោះព្រះសង្ឃដែលមានព្រះជន្មក្រោម៥៦វស្សាគឺមានជិត៧ម៉ឺនអង្គឯណ្ណោះ
(ភ្នំពេញ)៖ តាមរយៈសង្ឃដីការបស់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ តាមរយៈកិច្ចសម្ភាសន៍ជាមួយរបស់ទូរទស្សន៍ CNC បានអោយដឹងថា ព្រះសង្ឃទូទាំងប្រទេសមានចំនួនជាង៧ម៉ឺនអង្គ ព្រះសង្ឃមានព្រះជន្មលើសពី៥៦វស្សា មានមិនដល់ ១០០០អង្គផង ខណៈព្រះសង្ឃ មានព្រះជន្មក្រោម៥៦វស្សាមានជិត៧ម៉ឺនអង្គ ដូច្នេះការចង់ចាប់ផ្សឹកព្រះសង្ឃក្រោមព្រះ ជន្ម៥៦វស្សា គឺស្មើនឹងការចង់រំលាយចោល សាសនាព្រះពុទ្ធនៅព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកផងដែរថា ក្រោយពីការលើកឡើងរបស់លោក ខាន់សុវណ្ណ នោះ គណៈសង្ឃនាយក បានចេញសេចក្តីប្រកាស សម្ដែងនូវការសោកស្ដាយ និងថ្កោលទោសចំពោះការលើកឡើងរបស់លោក ខាន់ សុវណ្ណ ហើយចាត់ទុកបុគ្គលនេះជាមនុស្សខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យប្រកបដោយអគតិ និងទុទិដ្ឋិនិយម។ ជាមួយគ្នានោះ លោក ខាន់ សុវណ្ណ ក៏ត្រូវបានបញ្ឍប់ពីការផ្សាយសម្លេងនៃកម្មវិធីអង្គប្រកប្រាជ្ញ ទៅវិទ្យុបាយ័នផងដែរ៕