លោក ណូយ វ៉ាន់ណេត បានបដិសេធថា រូបលោកមិនបានធ្លាក់ខ្លួនទៅធ្វើសំណង់នោះទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគ្រួសារថែមទៀតផង
ភ្នំពេញ៖ តារាចម្រៀង ណូយ វ៉ាន់ណេត បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីអ្នកលេងបណ្តាញសង្គមបានយករូបថតលោកចែករំលែកថាបានធ្លាក់ខ្លួនក្លាយជាកម្មករសំណង់។ តារាចម្រៀងប្រុសល្បីឈ្មោះរាប់ទសវត្សរ៍មកហើយនេះបានចេញមុខបដិសេធថាលោកមិនបានធ្លាក់ខ្លួនដូចការលើកឡើងទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគ្រួសារថែមទៀតផង។
រូបភាព២សន្លឹកដែលបង្ហាញដោយទំព័រហ្វេសប៊ុកមួយបានបង្ហាញពីសកម្មភាពរបស់កំពូលតារាចម្រៀងលោក ណូយ វ៉ាន់ណេត បានធ្លាក់ខ្លួនធ្វើសំណង់គួរឲ្យអាសូរ និងស្រណោះនោះបានមហាជនមានការភ្ញាក់ផ្អើលនិងហួសចិត្ត។ ទោះជាយ៉ាងណាតាមការបញ្ជាក់របស់តារាចម្រៀងរូបនេះបានលើកឡើងថារូបថតនោះគឺពិតជារូបលោក ប៉ុន្តែមិនមែនលោកធ្លាក់ខ្លួនក្លាយជាកម្មករសំណង់ទេគឺក្រោយទំនេរពីការងារលោកជួយការងារផ្ទះបងប្អូនប៉ុណ្ណោះព្រោះលោកក៏ចេះការងារនេះខ្លះដែរ។
តាមការបញ្ជាក់បន្ថែមរបស់លោក អ៊ឹម ជីវ៉ា ដែលបានទៅជួបលោកណូយ វ៉ាន់ណេតផ្ទាល់បានលើកឡើងដែរថា ការពិតលោក ណូយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះតារាចម្រៀងរូបនេះបាននិង កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលលោកមានផ្ទះរហូតដល់បីកន្លែង ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡារទី២គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ និងមានដីនៅខេត្តកំពង់ស្ពឺ ។ ប្រភពថាអ្វីដែលបានឃើញរូបគាត់បង្ហោះធ្វើសំណង់នោះគឺគាត់ជួយធ្វើដំបូលផ្ទះខាងលើអោយកូនគាត់ដោយសារគាត់ខ្ចិលជួលជាងនាំអស់លុយច្រើន ព្រោះ គាត់ចេះផ្នែកសាង់សង់ដែគឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកអោយកូនគាត់រស់នៅ ហើយពេលនេះលោក មានជីវភាពធូធាមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។
គួរបញ្ជាក់ដែរថា លោក ណូយ វ៉ាន់ណេត មានកូន៥នាក់ ។ លោកបានចូលនៅឆ្នាំ១៩៨៦ ហើយល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៩០។ បច្ចុប្បន្នលោកមានទីលំនៅ នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕