ដោយសារវិបត្តិកូវីដ១៩ បានឲ្យស្ត្រីឥណ្ឌូនេស៊ី មានផ្ទៃពោះឥតគ្រោងទុកជាង ៤ សែននាក់

(ឥណ្ឌូនេស៊ី) ៖ វិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ នឹងជំរុញឲ្យឥណ្ឌូនេស៊ីមានកំណើតប្រជាជនឥតគ្រោងទុកជាង ៤ សែននាក់ នេះបើយោងតាមការសិក្សាមួយដែលបានធ្វើឡើងដោយទីភ្នាក់ងារផែនការគ្រួសារជាតិឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។

បើតាមលោក Hasto Wardoyo ប្រធានក្រុមប្រឹក្សាជាតិឥណ្ឌូនេស៊ីសម្រាប់ផែនការប្រជាជននិងគ្រួសារបានពន្យល់ឲ្យដឹងថា មានកត្តាជាច្រើនដែលជំរុញឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីមានផ្ទៃពោះឥតគ្រោងទុកដូចជា ក្នុងអំឡុងពេលដែលរដ្ឋាភិបាលបានបិទប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ ១៩នេះ មានគ្លីនិកសុខភាពមួយចំនួនក៏បានបិទទ្វារផងដែរ ខណៈវេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលទទួលបន្ទុកផ្នែកសុខភាពបន្តពូជមួយចំនួនក៏មិនបានធ្វើការងារសកម្មដូចមុនដែរ ដោយពួកគាត់បានកំណត់ចំនួនប្រជាពលរដ្ឋដែលអាចមកទទួលសេវាសុខភាពពីពួកគាត់ជាដើម។លោក Hasto Wardoyo បានបន្តថា ពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួនព្យាយាមអនុវត្តវិធានការមិនចេញពីផ្ទះបើគ្មានការចាំបាច់ឬគ្មានកិច្ចការបន្ទាន់ ហើយគេជឿថាពលរដ្ឋទាំងនោះនឹងមិនគិតថា ការចេញទៅរកសេវាពន្យាកំណើតគឺជាកិច្ចការបន្ទាន់សម្រាប់ពួកគាត់នោះទេ។ កត្តាទាំងនេះហើយដែលជំរុញឲ្យពលរដ្ឋឥណ្ឌូនេស៊ីត្រូវខកខានក្នុងការទទួលបានសេវាពន្យាកំណើតពីតាមគ្លីនិកនានាដែលជិតពួកគាត់ ហើយបើតាមការព្យាករណ៍នៅដើមឆ្នាំក្រោយនេះនឹងមានទារកប្រមាណជា ៤២០ ០០០ នាក់នឹងត្រូវចាប់កំណើតឡើងដោយឥតគ្រោងទុក។

សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលំដាប់ទី ៤ នៅលើពិភពលោកដោយមានប្រជាជនសរុបជាង ២៧៣ លាននាក់ ក្នុងនោះអាត្រាទារកកើតថ្មីប្រចាំឆ្នាំមានចំនួន ៤,៨ លាននាក់ក្នុងមួយឆ្នាំ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds