ប្រទេសថៃបង្កើនការផលិតស្រោមអនាម័យ ដើម្បីទប់ស្កាត់បញ្ហាសង្គមមួយចំនួន ដែលអាចកើតមានក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ ១៩

(ថៃ)៖ ការខ្វះខាតម៉ាស់សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ គឺជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាបានដឹង តែការខ្វះខាតស្រោមអនាម័យក៏ជាបញ្ហាមួយដែលគេមិនត្រូវមើលរំលងផងដែរ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន thethaiger បានឲ្យដឹងថា ក្រោយក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ធំនៅម៉ាឡេស៊ីបានបិទទ្វារ ពេលនេះថៃកំពុងតែដុតដៃដុតជើងបង្កើនសមត្ថភាពផលិតស្រោមអនាម័យឲ្យបានច្រើនជាងមុន ដើម្បីផ្គត់ផ្គង់ឲ្យស្របតាមតម្រូវការទីផ្សារនិងចូលរួមទប់ស្កាត់បញ្ហាសង្គមផ្សេងៗដែលអាចបង្កឡើងដោយសារតែពលរដ្ឋគ្មានស្រោមអនាម័យប្រើប្រាស់គ្រប់គ្រាន់។

ប្រភពខាងលើបានឲ្យដឹងថាក្រុមហ៊ុន Thai Nippon Rubber Industry ដែលជាក្រុមហ៊ុនផលិតស្រោមអនាម័យធំបំផុតរបស់ថៃគ្រោងនឹងបង្កើតការផលិតស្រោមអនាម័យឲ្យបានច្រើនជាងមុន ២៧% ដោយស្រោមអនាម័យទាំងនោះនឹងប្រើប្រាស់ឈ្មោះម៉ាកយីហោ “Playboy” និង “One Touch” ហើយបើតាមផែនការ ក្រុមហ៊ុនមួយនេះគ្រោងនឹងលក់ស្រោមអនាម័យក្នុងទំហំទឹកប្រាក់ ១,៩ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ។

កាលពីខែមុនមូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិបានឲ្យដឹងកាលថា ក្រោយផ្ទុះការរាតត្បាតនៃជំងឺកូវីដ ១៩ ការផ្គត់ផ្គង់ស្រោមអនាម័យទៅកាន់ពិភពលោកត្រូវបានកាត់បន្ថយ ៥០% ព្រោះតែក្រុមហ៊ុនផលិតស្រោមអនាម័យធំៗជាច្រើនត្រូវបានបិទទ្វារ។ បើតាមអាជ្ញាធរសុខាភិបាលថៃវិញបានឲ្យដឹងថា កង្វះខាតស្រោមអនាម័យនឹងបង្កឲ្យមានបញ្ហាសង្គមជាច្រើនដូចជា ការរាតត្បាតជំងឺកាមរោគផ្សេងៗ ការមានផ្ទៃពោះដោយឥតគ្រោងទុក និងអត្រាទម្លាក់កូនចោលកើនឡើងខ្ពស់ផងដែរ ហើយពលរដ្ឋងាយរងគ្រោះបំផុតនោះគឺក្រុមស្រ្តីវ័យជំទង់និងស្រ្តីរៀបការរួច៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds