នៅថ្ងៃអាទិត្យនេះ ចិនរកឃើញអ្នកឆ្លង COVID-19 ៥ករណីថ្មី ក្នុងនោះមាន២ ជាករណីនាំចូល
(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ៥ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយតួលេខនេះមាន ការថយចុះ បើធៀបទៅនឹងកាលពីថ្ងៃសុក្រ មាន៨ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។
ក្នុងចំណោមករណីថ្មីទាំង៥ខាងលើ មាន២ គឺជាករណីនាំចូល និង ៣ផ្សេងទៀតជាករណីឆ្លងនៅក្នុងស្រុក ដែលត្រូវបានរាយការណ៍នៅក្នុងខេត្ត Jilin ភាគឦសាន ប្រទេសចិន។ បើតាមគណៈកម្មាការជាតិសុខាភិបាលចិន បូកបញ្ចូលករណីឆ្លងថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសចិន កើនដល់ ៨២,៩៤៧នាក់ ខណៈអ្នកស្លាប់មាន ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៧៨,២២៧នាក់។
គណៈកម្មាការជាតិសុខាភិបាលចិន ក៏បានរាយការណ៍ផងដែរពីការរកឃើញអ្នកឆ្លង COVID-19 មិនចេញរោគសញ្ញា១២នាក់បន្ថែម ពេញមួយថ្ងៃសៅរ៍ម្សិលមិញ បើធៀបទៅនឹងកាលពីថ្ងៃសុក្រ មាន១៣នាក់៕