មានការចាប់ខ្លួនជនបង្ករ ១៤០ នាក់មុនការប្រកួតបាល់ទាត់ juventus VS Ajax
ប៉ូលិសហូល្លង់ចាប់ខ្លួនអ្នកគាំទ្របាល់ទាត់ចំនួន ១៤០នាក់ នៅក្នុងទីក្រុងអាស្ត៊ែរដាំ នៅមុនការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃ UEFA Champions League រវាងក្លឹប Ajax និងក្លឹប Juventus កាលពីថ្ងៃពុធ ម្សិលមិញនេះ។
បើតាមរបាយការណ៍របស់ប៉ូលិសបានឲ្យដឹងថា អាជ្ញាធរបានរឹបអូសយកអាវុធ និងកាំជ្រួចមួយចំនួន កំឡុងពេលចលាចលនៅក្បែរកីឡដ្ឋាន Johan Cruyff កាលពីថ្ងៃពុធកន្លងទៅ។
ក្រុមប៉ូលិសបានរកឃើញវត្ថុតាងមួយចំនួនដូចជា ដំបង ដងទង់ជាតិ និងញញួរ ដែលអ្នកគាំទ្រប្រើប្រាស់ក្នុងការបង្កចលាលចល។
អ្នកគាំទ្រខ្លះត្រូវបានចាប់ខ្លួននៅស្ថានីយរថភ្លើងរបស់កីឡដ្ឋានដែលជាទឹកដីរបស់ Ajax និងអ្នកខ្លះទៀតចាប់ខ្លួននៅក្បែរនឹងកីឡដ្ឋានតែម្ដង។
ប៉ូលិសហុល្លង់បាននិយាយថា សហការជាមួយនឹងអាជ្ញាធរអ៊ីតាលីក្នុងការវែកមុខជនបង្ក ដោយក្នុងនោះ គេរកឃើញថាអ្នកគាំទ្រទាំងនោះភាគច្រើនជាអ្នកគាំទ្រជនជាតិអ៊ីតាលី (គាំទ្រក្លឹប Juventus) ហើយពួកគេក៏បានបាញ់ទឹកបំបែកហ្វូងអ្នកគាំទ្រក្លឹបម្ចាស់ផ្ទះ ដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះផងដែរ។
អត្ថបទ៖ ពេជ្រ គឹមស្រ៊ិន