ឧកញ៉ា អចលនទ្រព្យ សៀ ឫទ្ធី បង្ហើបគន្លឹះ ៣យ៉ាង ដើម្បីទិញដីចំណេញប្រាក់
(ភ្នំពេញ)៖ការវិនិយោគទិញលក់អចលនទ្រព្យ ដូចជា ដីធ្លី ផ្ទះសម្បែង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពពេញនិយមខ្លាំង ខណៈដែលមួយរយៈចុងក្រោយនេះ គម្រោងពុះដីឡូត៌ និងបុរី បាននិងកំពុងរីកសាយភាយកាន់តែខ្លាំងឡើង។ ទោះយ៉ាងណា បើតាមអ្នកជំនាញការវិនិយោគលើអចលនទ្រព្យ ក៏ទាមទារឲ្យអ្នកវិនិយោគ ទាំងបុគ្គល ក៏ដូចជាក្រុមហ៊ុន ត្រូវមានភាពឆ្លាតវៃ និងយុទ្ធសាស្ត្រច្បាស់លាស់ ទើបអាចសម្រេជោគជ័យបាន។
មហាសេដ្ឋី និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីរន្ទឺមួយរូបនៅកម្ពុជា គឺលោក ឧកញ៉ា សៀ ឫទ្ធី មានគន្លឹះវិនិយោគ បី យ៉ាង ដើម្បីចែកជូនលោកអ្នក ពិចារណា ដើម្បីទិញដី បានចំណេញប្រាក់។
គន្លឹះទាំង៣ យ៉ាងនេះ រួមមាន៖
១- ទិញដី ដែលស្របច្បាប់៖ លោកអ្នកត្រូវប្រាកដថា ដីធ្លី ឬផ្ទះសម្បែងដែល លោកអ្នកចង់ទិញនោះ ត្រូវតែមានឯកសារ ប្លង់រឹងគ្រប់គ្រាន់ ទៅតាមច្បាប់ ឬមិនមែនជាអចលនទ្រព្យដែលកំពុងស្ថិតនៅក្នុងជម្លោះ នោះឡើយ។ ទោះបីតម្លៃរបស់វា ធូរថ្លៃជាងទីផ្សារក៏ដោយអ្នកពុំគួរប្រថុយទិញដីប្រភេទនេះនោះទេ ព្រោះវាមានហានិភ័យខ្ពស់។
២- សិក្សាពីព័ត៌មានអំពីសក្ដានុពលនៃអចលនទ្រព្យ៖ អ្នកត្រូវចេះតាមដានព័ត៌មាន នានាទាក់ទងនឹងការអភិវឌ្ឍន៍ ពីសេសទិសដៅ និងផែនការរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ នៅតាមតំបន់នីមួយ។ អ្នកអាចសិក្សាបាន ដោយផ្អែកទៅលើការអង្កេតជាក់ស្ដែង ពីសន្ទុះនៃការអភិវឌ្ឍន៍ នៃតំបន់នីមួយ។ វាមិនមែនជារឿងលំបាកទេ សម្រាប់ការអង្កេតនេះ អ្នកអាចមើលបានតាមរយៈកំណើនគម្រោងអភវិឌ្ឍន៍ ពិសេសបុរីធំៗ បើកាលណាបុរីធំៗមានការសម្រុកទៅសាងសង់នៅតំបន់នោះ ច្រើន អ្នកអាចទៅរកទិញដីម្ដុំក្បែរៗនោះ គឺមិនខុសទេ។ រៀនបទពិសោធន៍របស់គេ ដែលជាអ្នកអភិវឌ្ឍន៍ធំៗ ដើម្បីយកមកធ្វើជាចំណេះរបស់ខ្លួនឯងសម្រាប់ការវិនិយោគដីធ្លី គឺជាភាពឆ្លាតវៃរបស់វិនិយោគិន។
៣- ចំណេះដឹងប្រើប្រាស់ហិរញ្ញវត្ថុ៖ ការទីញដីធ្លី ឬផ្ទះសម្បែង សម្រាប់បច្ចុប្បន្ននេះ មិនចាំបាច់ទាល់តែមានដើមទុនគ្រប់ទាំងអស់ទើបអាចទិញបាននោះទេ ពោលគឺអ្នកអាចប្រើប្រាស់កម្ចីធនាគារមកទិញដីធ្លី ឬផ្ទះសម្បែងនោះបាន។ ប៉ុន្ដែ ការទិញបង់រំលស់អាចជាម្រើសល្អ ប្រសិនបើដី ឬផ្ទះនោះ អាចជួលរកចំណូលត្រឡប់មកវិញបាន សម្រាប់ការបង់ការប្រាក់ឲ្យធនាគារ។ ផ្ទុយទៅវិញ បើអ្នកមានលុយមិនគ្រប់តែរត់ទៅរកខ្ចីបុលធនាគារ ដើម្បីទិញដីយកមកទុកចោល ដេករង់ចាំចំណេញ ដោយមិនអាចជួលបន្តបាននោះ សូមកុំទិញឲ្យសោះ៕