Good News: អ្នកជំងឺកូវីដ-១៩ វ័យចំណាស់ជាងគេនៅកម្ពុជាបានជាសះស្បើយហើយ ខណៈដែលពេលនេះសល់អ្នកជម្ងឺតែម្នាក់ប៉ុណ្ណោះដែលកំពុងស្ថិតនៅបន្តការព្យាបាល
(ភ្នំពេញ)៖នៅទីបំផុតទៅ អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ដែលមានវ័យចំណាស់ជាងគេ គឺ៧៥ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង បានជាសះស្បើយហើយ កាលពីថ្ងៃទី១១ ឧសភា ម្សិលមិញនេះ ខណៈដែលស្រ្តីជាង៣០ឆ្នាំផ្លាយម្នាក់ទៀតនៅខេត្តបន្ទាយមានជ័យ កំពុងស្ថិតនៅបន្តការព្យាបាលនៅឡើយ។
បុរសចំណាស់វ័យ ៧៥ឆ្នាំ នោះជាអ្នកជំងឺយូរជាងគេក្នុងចំណោមអ្នកជំងឺដែលបានធ្វើដំណើរមកពីពិធីបុណ្យសាសានានៅប្រទេស ម៉ាឡេស៊ី។ដោយសារមានវ័យចំណាស់ទៅហើយនោះបុរសរូបនេះធ្លាប់ត្រូវបានរដ្ឋមន្រ្តីសុខាភិបាលបង្ហាញពី ការព្រួយបារម្ភ ខ្លះដែរព្រមទាំងបានបញ្ជូនមកទទួលការព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលពីថ្ងៃទី៨ឧសភា កន្លងទៅ រហូតដល់ថ្ងៃ១១ឧសភា ម្សិលមិញនេះ បានធ្វើតេស្តចំនួន០២ដងទៀតបានបង្ហាញថាមិនមានវិជ្ជមាន វីរុសកូវីដ-១៩ទៀតទេ។
ដោយឡែកនៅ សល់អ្នកជំងឺម្នាក់ទៀតជាស្រ្តីជនជាតិខ្មែរ នៅខេត្តបន្ទាយមានជ័យក៏ត្រូវបាន រដ្ឋមន្រ្តី សុខាភិបាល សម្រេច បញ្ជូន មកទទួល ការព្យាបាល បន្តនៅ មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀតកាលពីថ្ងៃទី ៨ឧសភា កន្លង ទៅផងដែរ ដោយសង្ឃឹម នឹងអាច ជាសះស្បើយ ឆាប់ៗនេះ។
យ៉ាងណាមិញ ក្នុង សន្និសីទ សារព័ត៌មាន កាលពីពេលកន្លង ទៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ខាងអង្គការសុខភាព ពិភពលោក នៅតែព្រមានពីស្ថានភាព ដ៏អាក្រក់នៃការរីករាលដាលនៃជំងឺ កូវីដ១៩ នេះ ថ្វីត្បិតតែជិត៣សប្តាហ៍ មកនេះ មិន មាន ករណី ឆ្លងមេរោគ កូវីដ-១៩ ថ្មី ក៏ដោយតែមិនមែនមានន័យថាការរីករាតត្បាតនៃជំងឺ នេះមានភាពល្អ ប្រសើរ នោះ ទេ ព្រោះ នៅតាមបណ្តាប្រទេស ផ្សេងៗទៀត នោះ លើពិភពលោកកំពុងតែបន្តរីករាលដាលទាំងអ្នក ឆ្លង ថ្មី និង អ្នក ស្លាប់ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ១២ ឧសភានេះ ចំនួន អ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ នៅកម្ពុជា កើនដល់ ចំនួន ១២១ នាក់ ហើយក្នុងចំណោម អ្នកដែលបាន ឆ្លងសរុប ១២២ នាក់ ពោលគឺ នៅសល់តែអ្នកជំងឺម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុង សម្រាក ព្យាបាល។ ហើយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ទាំង ១២១ នាក់ នេះមានទាំង ជនជាតិ ខ្មែរ និង ជនបរទេស រួមមានដូចជា ជនជាតិចិន អង់គ្លេស បារាំង អាមេរិក ប៊ែលហ្សិក កាណាដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង វៀតណាម ៕