ទូតខ្មែរ ស្នើឲ្យហាងលក់ទំនិញ 7-Eleven ដែលបើកនៅកម្ពុជា ប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលរបស់ខ្មែរឲ្យ៥០%
(ភ្នំពេញ)៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើដល់ក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិ ធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven ដែលបើកដំណើរការនៅកម្ពុជា ត្រូវប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន៥០%។
សំណើនេះ បានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក អ៊ូក សោភ័ណ បានជួបពិភាក្សាជាមួយលោក Chairoj Tiwatmuncharoen អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP ALL (Cambodia) Co., Ltd អំពីគម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជា។
Facebook របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានផ្សាយថា «នៅក្នុងជំនួបឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិ ធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងបានស្នើសុំក្រុមហ៊ុនគោរពពាក្យសន្យា គឺប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន៥០%»។
ជាការឆ្លើយតប លោក Chairoj បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការអនុវត្តពាក្យសន្យាខាងលើ និងបានស្នើសុំស្ថានទូតកម្ពុជា ជួយសម្របសម្រួលផ្តល់ព័ត៌មាន អំពីផលិតផលខ្មែរ ជាពិសេសអាហារកែច្នៃ និងអាហារក្រៀម ដើម្បីក្រុមហ៊ុនសិក្សា និងដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញ សម្រាប់លក់នៅក្នុង សាខាដំបូង ដែលគ្រោងនឹងបើកនៅចុងឆ្នាំនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនថៃ CP ALL Public Limited (CP ALL) គ្រោងបើកហាងទំនិញនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១ ពី៧០០សាខា ទៅ១០០០សាខា ក្នុងរយៈពេល ៥ឆ្នាំដំបូង៕