អាមេរិកចោទពួក Hacker ចិនថា ព្យាយាមលួចទិន្នន័យការស្រាវជ្រាវវ៉ាក់សាំង COVID-19 របស់ខ្លួន

កាសែតអាមេរិកចំនួន២គឺ Wall Street Journal និង New York Times បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ការិយាល័យជំនាញស៊ើបអង្កេត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតអាមេរិកជឿជាក់ថា ពួក Hacker ចិនកំពុងព្យាយាមលួចការស្រាវជ្រាវអំពីការបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 ។ ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) និងនាយកដ្ឋានសន្តិសុខមាតុភូមិ គ្រោងនឹងចេញការព្រមានអំពីការលួចចូលរបស់ជនជាតិចិន ខណៈដែលរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជាច្រើន កំពុងប្រជែងគ្នាក្នុងការស្រាវជ្រាវរកវ៉ាក់សាំងវីរុស​ COVID-19 នេះ។ ក្រុម Hacker កំពុងផ្តោតសំខាន់លើព័ត៌មាននិងកម្មសិទ្ធិបញ្ញា លើការព្យាបាលនិងការធ្វើតេស្តសម្រាប់វីរុស COVID-19 ហើយមន្រ្តីអាមេរិកបានចោទថា ពួក Hacker ថាមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។ ការព្រមានជាផ្លូវការអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ឆ្លើយតបការចោទប្រកាន់នេះអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា ប្រទេសចិនប្រឆាំងដាច់ខាតរាល់ការវាយប្រហារតាមអ៊ីនធឺណេត។ លោក Zhao Lijian បាននិយាយថា៖ «យើងកំពុងដឹកនាំពិភពលោកក្នុងការព្យាបាល និងស្រាវជ្រាវវ៉ាក់សាំងប្រឆាំងវីរុស COVID-19។ វាជារឿងអសីលធម៌មួយដែលចោទលើប្រទេសចិន ជាមួយនឹងពាក្យចចាមអារាម និងការនិយាយបង្កាច់បង្ខូចគ្មានភស្តុតាងណាមួយ»។

ចំណែកខាងអាមេរិកវិញនៅពេលសួរអំពីរបាយការណ៍នេះ ប្រធានាធិបតីលោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ប្រាប់អ្វីទេប៉ុន្តែបាននិយាយថា៖ «តើមានអ្វីថ្មីជាមួយចិន? តើមានអ្វីថ្មី? ប្រាប់ខ្ញុំមក។ ខ្ញុំមិនសប្បាយចិត្តជាមួយប្រទេសចិនទេ»។ លោកបានបន្ថែមថា៖«យើងកំពុងតាមដានវាយ៉ាងដិតដល់»។

ការព្រមានរបស់សហរដ្ឋអាមេរិកនឹងបន្ថែមការដាស់តឿន និងរបាយការណ៍នានា ដែលចោទប្រកាន់ពួក Hacker ដែលគាំទ្រដោយរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង រុស្ស៊ី និងចិន ពីសកម្មភាពព្យាបាទដែលទាក់ទងនឹងវីរុស COVID-19 ដូចជាការផ្សាយព័ត៌មានមិនពិត ដើម្បីដាក់គោលដៅលើអ្នកធ្វើការ និងអ្នកវិទ្យាសាស្ត្រ៕

អត្ថបទ៖ Khmernote

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds