នៅកូរ៉េខាងត្បូង ផ្ទុះឡើងវិញអ្នកឆ្លង COVID-19 ក្រោយរកឃើញករណីឆ្លងជាចង្កោមក្នុងក្លឹបកម្សាន្ត

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានរកឃើញ COVID-19 ៣៤ករណីថ្មីបន្ថែមទៀត ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយខែមក នេះ បន្ទាប់ពីករណីឆ្លងជាចង្កោម ត្រូវបានគេរាយការណ៍ក្នុងក្លឹប កម្សាន្តមួយចំនួន នៅក្នុងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន២៦ករណី ជាករណីឆ្លងនៅក្នុងស្រុក និង៨ករណីជាករណីនាំចូល ពីបរទេស។ បើបូកបញ្ចូលតួលេខថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសកើនដល់ ១០,៨៧៤នាក់ ខណៈអ្នកស្លាប់មាន២៥៦នាក់ ហើយការរកឃើញករណី ឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតសោត គឺជាតួលេខឆ្លងខ្ពស់បផុតចាប់តាំងពីថ្ងៃទី០៩ ខែមេសាមក ជាពេលដែលកូរ៉េខាងត្បូងបានអ្នកឆ្លង៣៩នាក់។

គួរជម្រាបថា អាជ្ញាធរកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញបញ្ជាឲ្យទីតាំងកម្សាន្ត ដូចជា ក្លឹប កម្សាន្ត និងបារ ផ្អាកអាជីវកម្មភ្លាមៗ ដោយសារវាបណ្តុំនៃការឆ្លងវីរ៉ុស COVID-19 ដែលត្រូវបានគេរកឃើញ នៅក្នុងតំបន់វប្បធម៌ចម្រុះ Itaewon ដែលជាប់ក្បែរទីក្រុង Seoul៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds