ក្រសួងសុខាភិបាល រកឃើញមនុស្ស៤នាក់នៅខេត្តសៀមរាប ដែលត្រឡប់ពីគុយវ៉េត ហើយបាត់ខ្លួនពេលធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា មនុស្ស៤នាក់ ដែលត្រឡប់ពីប្រទេសគុយវេត ហើយបានបាត់ខ្លួនកាលពីម្សិលមិញនេះ ពេលដែលក្រសួងសុខាភិបាលដាក់ឱ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាពនៅរាជធានីភ្នំពេញ ត្រូវបានរកឃើញហើយ នៅក្នុងខេត្តសៀមរាប។
មនុស្សទាំង ៤នាក់នោះ គឺជាជនជាតិខ្មែរ ដែលបានគេចខ្លួនដោយខ្លួនឯង ចេញពីមណ្ឌលចត្តាឡីស័ក្ត។ ទោះជាយ៉ាងនេះក្តី មន្ទីរសុខាភិបាលខេត្តសៀមរាប បានរកឃេីញនិងកំពុងតែដាក់អ្នកទាំងបួននាក់នេះ នៅចត្តាឡីស័កក្នុងមន្ទីរពេទ្យខេត្តសៀមរាបតែម្តង។
សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២០ករណី នៅសល់តែ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តី កម្ពុជាមិនបានបន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាលជំងឺកូវីដ១៩ នៅឡើយទេ ដោយសារតែប្រទេសផ្សេងៗនៅលើពិភពលោក ក៏ដូចជាប្រទេសជិតខាងរបស់ខ្លួន កំពុងមានការឆ្លងរីករាលដាលបន្តបន្ទាប់នៅឡើយ។
រយៈពេលជាង១សប្តាហ៍មកហើយ ក្រោមវិធានការនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយនោះដែរ៕