ចោរមួយក្រុមបានចូលទៅលួចម៉ាស់ពិសេសសម្រាប់ក្រុមវេជ្ជបណ្ឌិតចំនួន៨មុឺនម៉ាស់

(អង់គ្លេស) សារព័ត៌មាន Dailymail បានចុះផ្សាយពីករណីឧក្រិដ្ឋកម្មដ៏ចម្លែកមួយគឺមានចោរមួយក្រុមបានចូលទៅលួចម៉ាស់ពិសេសសម្រាប់ក្រុមវេជ្ជបណ្ឌិតពីក្នុងឃ្លាំងដាក់សម្ភារៈវេជ្ជសាស្ត្រមួយកន្លែង ខណៈដែលម៉ាស់ពិសេសទាំងនោះមិនអាចយកទៅលក់ជាសាធារណៈ ឬយកទៅប្រើប្រាស់ជាទូទៅបាននោះទេ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅចន្លោះពីម៉ោង ៩៖៣០ នាទី ដល់ ម៉ោង ១១៖៣០ នាទី យប់ម្សិលមិញនេះ នៅក្នុងតំបន់ Salford ក្រុង Greater Manchester នៃប្រទេសអង់គ្លេស។ បើតាមប៉ូលិសជំនាញប្រចាំទីក្រុង Greater Manchester បានឲ្យដឹងថា ក្រុមចោរមានគ្នា នាក់ ប្រុស និងស្រីម្នាក់ហើយពួកគេបានធ្វើសកម្មភាពលួចយ៉ាងល្អិតល្អន់និងប្រកបដោយជំនាញខ្ពស់បំផុត។

យ៉ាងណាក្តី អ្វីដែលពួកគេបានលួចនោះគឺជាម៉ាស់ពិសេសសម្រាប់តែក្រុមគ្រូពេទ្យជំនាញ ឬបុគ្គលិកសុខាពិបាលនៅតាមផ្ទះពាក់ពេលជួបឬព្យាបាលជាមួយអ្នកជំងឺកូវីដ ១៩ ប៉ុណ្ណោះ ហើយក្រុមចោរមិនអាចយកម៉ាស់ប្រភេទនេះទៅប្រើប្រាស់ឬលក់បន្តជាសាធារណៈបានឡើយ ព្រោះសម្ភារៈប្រភេទនេះមានតែអាជ្ញាធរសុខាភិបាលប៉ុណ្ណោះដែលត្រូវការវាជាចាំបាច់។ ម៉ាស់ពិសេសដែលបានបាត់នោះមានចំនួន ៨០ ០០០ និងមានតម្លៃប្រមាណជា ២០៥ ៦៣៥ ដុល្លារអាមេរិក។

ប៉ូលិសជំនាញអង់គ្លេសបានបញ្ជាក់ថា ចំពោះករណីនេះក្រុមចោរហាក់មានចេតនាចង់បង្អាក់ការងាររបស់ក្រុមគ្រូពេទ្យក្នុងយុទ្ធនាការទប់ស្កាត់ការរាតត្បាតមេរោគកូវីដ ១៩ ជាជាងចង់បានម៉ាស់យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ហេតុដូចនេះហើយទើបគេហៅករណីលួចនេះថា ជាឧក្រិដ្ឋកម្មប្រឆាំងនឹងអាជ្ញាធរដ៏ចម្លែកមួយ ដែលកំពុងបង្កភាពស្មុកស្មាញយ៉ាងខ្លាំងចំពោះប៉ូលិសក្នុងការស៊ើបអង្កេត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds