អភិបាលខេត្តប៉ៃលិន អំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាអប់រំផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ បង្ការ ជំងឺមេរោគ កូវីដ១៩ កុំឲ្យរីករាលដាល ដល់សហគមន៍ ដែលខ្លូនរស់នៅ

(ប៉ៃលិន)៖ មានប្រសាសន៍ក្នុងការអញ្ជើញជាគណៈអធិបតី ពិធីចែកអំណោយមនុស្សធម៌ របស់សប្បុរសជន ជូនដល់ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ចំនួន១២៧គ្រួសារ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាអប់រំផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ បង្ការ ជំងឺមេរោគ កូវីដ១៩ កុំឲ្យរីករាលដាល ដល់សហគមន៍ ដែលខ្លូនរស់នៅ។ ពិធីនេះប្រព្រិត្តទៅនៅវត្តព្រំគីរីមរត ហៅវត្តផ្សារព្រំ ដោយមានការនិមន្ត និងចូលរួមពីព្រះមេគណទាំងពីរគណៈ ព្រះសង្ឃ អភិបាលរងខេត្ត មន្ត្រីរាជការតាមមន្ទីរ ស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានធ្វើការអប់រំណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ កុំអោយមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។ ឯកឧត្តមអភិបាលខេត្តប៉ៃលិន ក៏បានបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាល ជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាល នៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយ ត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥ ផងដែរ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ អំណោយដែលបានប្រគល់ ជូននាឱកាសនោះ គឺជាអំណោយបានមកពីសប្បុរសជននានា សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ពិសេសប៉ះពាលសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ ដែលបណ្តាលមកពីមេរោគកូវីដ១៩ មិនអាចចេញទៅទីណាបាន ។ ជាមួយគ្នានេះដែរលោកអភិបាលខេត្ត ក៍បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ត្រូវមានរបាយការណ៍ និងវិធានការជាក់លាក់ ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា មានវិធានការតឹងរឹង ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ ព្រោះវាអាចមានផលប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដូចនេះត្រូវធ្វើការ ស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលជួបបញ្ហខ្វះខាតជីវភាព ហើយរាយការណ៍មករដ្ឋបាលស្រុក/ក្រុង និងខេត្ត ដើម្បីចាត់វិធានការណ៍ ជួយសម្រាលបន្ទុកខ្វះខាត របស់ពួកគាត់ ឱ្យបានទាន់ពេលវេលា មិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយ ដែលយើងបានដឹងហើយ តែមិនបានជួយគាត់នោះឡើយ។

សូមបញ្ជាក់ថា៖ ពលរដ្ឋ ដែលខ្វះខាត មកទទួលអំណោយនាពេលនេះ មានចំនួន ១២៧គ្រួសារ ដោយក្នុង មួយគ្រួសារៗទទួលបាន ៖ អង្ករ ២០គឺឡូក្រាម មី១២កញ្ចប់ ព្រមទាំងថវិកាមួយចំនួន ទុកសម្រាប់បងប្អូន ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បានមួយរយះពេលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds