ពេលនេះត្រូវ​ចិត្ត De Jong ហើយ គ្រូ Juventus ​ថា Ronaldo ​នឹង​ចូល​លេង​​យប់​នេះ​

ថ្ងៃទី ១០ ខែមេសា​ ឆ្នាំ២០១៩ ម៉ោង​07:00PM

លោក ​Massimiliano Allegri ​និយាយ​ថា Cristiano Ronaldo ​នឹង​បាន​ចូល​លេង​ឱ្យ​ក្រុម Juventus ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Ajax ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

Ronaldo ​បាន​រង​របួស​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ទល់​ក្រុម​សែប។ របួស​នោះ ​បាន​ធ្វើ​ឱ្យ​រូបគេ​ខកខាន​លេង​ឱ្យ​សេះ​បង្កង់​នៅ​លីគ​អ៊ីតាលី ប៉ុន្តែ​សម្រាប់​ពាន UEFA Champions League ​នេះ​វិញ ​ត្រូវ​បាន​គេ​រំពឹង​ថា​អាច​ចូល​លេង​បាន​ហើយ។ លោក Allegri ​អ្នក​ចាត់ការ​ក្រុម Juventus ​ក៏​បង្ហើប​ថា Ronaldo ​ជា​សះស្បើយ​ល្មម​អាច​ចូល​លេង​បាន​នៅ​រាត្រី​នេះ ដើម្បី​ជួយ​ក្រុម​ស្វែង​រក​គ្រាប់​បាល់។

អ្នក​ចាត់ការ​ខាង​លើ​បន្ដ​ទៀត​ថា​៖ “Ronaldo ​បាន​ហាត់​ជាមួយ​ក្រុម​ធម្មតា ​ហើយ​គាត់​អាច​លេង​បាន។ គាត់​មើល​ទៅ​ធម្មតា​ដូច​មុន ​ជាមួយ​ទម្រង់​លេង​យ៉ាង​ល្អ។ គាត់​ជា​កីឡាករ​សំខាន់​សម្រាប់​យើង ​អ្នក​គ្រប់​គ្នា​បាន​ដឹង​ហើយ ​យើង​សប្បាយ​ចិត្ត​ដែល​មាន​គាត់​នៅ​ជាមួយ​យើង​នា​រាត្រី​នេះ”។

ក្រុម Juventus ​នឹង​អវត្តមាន​កីឡាករ​២​នាក់ ​គឺ​ Chiellini ​និង Emre Can ​។ ស្រប​ពេល​ម្ចាស់​ផ្ទះ​វិញ ពេញ​ជើង​ល្អ​តែ​ម្ដង។ កីឡាករ De Jong ​យុវជន​ឆ្នើម​របស់ Ajax ​ក៏​ចង់​ឃើញ​អតីត​ខ្សែ​ប្រយុទ្ធ Real Madrid ​បាន​លេង​នៅ​រាត្រី​នេះ​ដែរ។ រូបគេ​បញ្ជាក់​ថា ​ក្រុម Ajax ​ឈ្នះ Juventus ​ដោយ​មាន Ronaldo ​ទើប​ជា​រឿង​ដ៏​អស្ចារ្យ៕

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds