ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា នឹងចាប់ផ្ដើមជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនាពេលឆាប់ៗនេះ
(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញដល់ការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ដើម្បីពិភាក្សាជាមួយស្ថាប័នស្រាវជ្រាវ បុរាណវិទ្យាឥណ្ឌា (ASI) អំពីផែនការរៀបចំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។
ក្នុងកិច្ចពិភាក្សានោះ អាជ្ញាធរជាតិអប្សរាបានឯកភាពឱ្យស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្តើមដំណើរការនៃការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មឱ្យបានឆាប់ដែលអាចទៅបាន ព្រោះក្នុងស្ថានភាពនេះចំនួនភ្ញៀវទេសចរក៏មានតិចនិងមិនមានការរំខាន។ ម្យ៉ាងវិញទៀត ក្នុងការសម្រួលដល់ដំណើរការជួសជុលផងនិងការចេញចូលរបស់ភ្ញៀវទេសចរផង ស្ថាប័នស្រាវជ្រាវបុរាណវិទ្យា ឥណ្ឌាបានកសាងរួចរាល់នូវជណ្តើរឈើដើម្បីឆ្លងកាត់។
ក្នុងឱកាសនោះដែរ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរានិងក្រុមការងារក៏បានចុះពិនិត្យការងារកំពុងជួសជុលនៅសាលរបាំ ដែលក្រុមការងារជួសជុលបានបំពេញដោយយកចិត្តទុកដាក់ បំផុតស្របតាមអនុសាសន៍ពីអ្នក ជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕