ប្រតិភូក្រសួងព័ត៌មាននឹងចូលរួមប្រជុំជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យដែលស្នើរដោយ លោក ពេជ្រ ស្រស់
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង 01:23 PM
(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ប្រតិភូក្រសួងព័ត៌មាននឹងចូលរួមប្រជុំជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យ នៅវិមានសន្តិភាព ដែលស្នើរដោយ លោក ពេជ្រ ស្រស់ ប្រតិភូគណបក្សយុវជនកម្ពុជា ដែលស្ថិតនៅក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
បើយោងតាមការបង្ហោះរបស់លោក ពេជ្រ ស្រស់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)នៅមុននេះបន្តិច ថា៖ “ តបតាមការអញ្ជើញប្រតិភូគណបក្សយុវជនកម្ពុជាតាមរយៈលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយខណៈនេះផងដែរ គឺ ភាគីខាងក្រសួងព័ត៌មាននឹងចូលប្រជុំពិភាក្សាជាមួយនឹងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ស្តីអំពីការផ្សព្វផ្សាយនូវគ្រឿងស្រវឹងនៅវិមានសន្តិភាពនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។សូមបញ្ជាក់ថានៅប៉ុន្មានសប្តាហ៍មុនគឺប្រតិភូរបស់ គណបក្សយុវជនកម្ពុជា បានធ្វើលិខិតមួយជូនទៅសម្តេចតេជោ ដើម្បីអញ្ជើញរដ្ឋមន្រ្តីព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បី ចូលរួមប្រជុំនៅចំពោះមុខសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិភាក្សាអំពីការផ្សព្វផ្សាយនូវគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
លោក ខៀវ កាញ៉ារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
អត្ថបទ៖ សីហា