ក្រសួងពាណិជ្ជកម្ម ស្រាយបំភ្លឺការបង្ហោះរូបនិងវីដេអូ ថា «បង្ខំចិត្តចាក់ចោលផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីត១៩»
(ភ្នំពេញ)៖ លេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានដែលបង្ហោះថា មានការបង្ខំចិត្តចាក់ចោលផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា បន្ទាប់ពីបានឃើញរូបភាព និងវីដេអូរៀបរាប់អំពីការបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ រួចមក ក្រុមការងារក្រសួងពាណិជ្ជកម្ម បានចុះទៅធ្វើការស្រាវជ្រាវដោយចិត្តទុកដាក់ចំពោះករណីនេះ ក្នុងគោលបំណងស្វែងរកការពិត និងចាត់វិធានការជាក់លាក់ដើម្បីជួយដល់កសិកររងគ្រោះ។
ជាក់ស្ដែង បន្ទាប់ពីបានចុះដល់ទីតាំង និងពិនិត្យស្វាយដែលបានចាក់ចោលនេះ ព្រមទាំងសាកសួរដល់ភាគីពាក់ព័ន្ធ ក្រុមការងារបានរកឃើញថា ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។
ក្រសួងពាណិជ្ជកម្មបានបន្តថា បច្ចុប្បន្ននេះ ទោះជាស្ថិតក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ ក៏ដោយ ក៏កសិផលកម្ពុជានៅតែមានទីផ្សារទាំងសម្រាប់ការនាំចេញ និងទីផ្សារក្នុងស្រុក ឱ្យតែទំនិញទាំងនោះមានគុណភាពស្របតាមតម្រូវការទីផ្សារ ពិសេសផ្លែស្វាយ។
ផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតដំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សម្រាប់នាំចេញគឺ បានថ្លៃដល់ ៩០០រៀលក្នុងមួយគីឡូក្រាម។ ដូច្នេះ ឱ្យតែស្វាយមានគុណភាពល្អ ពុំខ្វះទីផ្សារឡើយ។
ក្រសួងថែមទាំងបានអំពាវនាវយ៉ាងទទូច សូមប្រិយមិត្ត Facebook មេត្តាពិចារណា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងដាក់បង្ហោះនូវរូបភាព ឬខ្លឹមសារណាមួយដែលជះឥទ្ធិពលអវិជ្ជមានដល់ការប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលបច្ចុប្បន្ននេះកំពុងអនុវត្តគោលនយោបាយលើកស្ទួយវិស័យកសិកម្ម និងគាំទ្រ លើកទឹកចិត្តដល់ការនាំចេញកសិផល។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «សូមមេត្តារួមគ្នាលុបបំបាត់ព័ត៌មានមិនពិត (Fake News) ដែលមានចរិតបំពុលសង្គម ហើយធ្វើឱ្យរាំងស្ទះដល់ការរីកចំរើននៃសង្គមជាតិយើង។ ការពិតទើបនាំមកនូវការគាំទ្រ និងការកោតសរសើរ ចំណែកព័ត៌មានក្រឡៃ មិនពិត នឹងនាំមកនូវទុក្ខទោសដល់ខ្លូន!»៕