ក្រសួងការងារ ៖ ការពិនិត្យសុខភាពចំពោះកម្មករដែលវិលត្រលប់មកពីស្រុកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅត្រូវបានបិទបញ្ចប់ត្រឹមយប់នេះ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។

សេចក្តីប្រកាសរបស់ក្រសួងការងារ បានបញ្ជាក់ថា៖ ក្រោយការបិទបញ្ចប់មណ្ឌលត្រួតពិនិត្យសុខភាពកម្មកររោងចក្រទាំង ១០កន្លែងនេះ ប្រសិនជាបងប្អូនកម្មករមានអាការៈសង្ស័យណាមួយ សូមទាក់ទងទៅក្រសួងសុខាភិបាលតាមរយៈលេខ ១១៥ ឬទូរស័ព្ទលេខ ០១២ ៨២៥ ៤២៤។

សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល, រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ រៀបចំមណ្ឌលត្រួតពិនិត្យសុខភាព ចំនួន១០កន្លែង និងមណ្ឌលចត្តាឡីស័ក ចំនួន ៣កន្លែង ដើម្បីត្រួតពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ។

រយៈពេល១៤ថ្ងៃមកនេះ ក្រសួង និងភាគីពាក់ព័ន្ធបានពិនិត្យសុខភាពកម្មករ ចំនួន ៥ ០៤៥នាក់, ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន ៤ ៨២៣នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ៩៧នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ១២៥នាក់, និងយកសំណាកទៅពិសោធបន្ត ចំនួន ១២៥នាក់ ដោយមានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២៥នាក់, និងអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុបចំនួន ២០២នាក់ ទៅធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds