តៃវ៉ាន់កំពុងពិភាក្សាបិទកោះទាំងមូលតែម្តងក្រោយផ្ទុះករណីឆ្លង COVID-19 លើនាវាចម្បាំង
(តៃប៉ិ)៖ ដោយសារតែមានការស្ទុះឡើង នៃករណីឆ្លងក្នុងជួរកងទ័ពជើងទឹក ពេលនេះតៃវ៉ាន់កំពុងតែធ្វើការជជែកដេញដោលមតិគ្នាថា តើគួរតែអនុវត្តវិធានការរឹតត្បិតទ្រង់ទ្រាយធំ លើដែនដីកោះមួយនេះ ឬយ៉ាងណា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
តៃវ៉ាន់ស្ថិតក្នុងចំណោមដែនដីដំបូងៗគេ ដែលបានកើតមានករណីឆ្លងជំងឺ COVID-19 ចាប់តាំងពីវាបានផ្ទុះឡើងនៅក្នុងប្រទេសចិន ប៉ុន្តែដោយសារតែកិច្ចប្រឹងប្រែងទប់ស្កាត់ និងរុករកបានទាន់ពេលវេលា តៃវ៉ាន់ត្រូវបានចាត់ទុកជាគំរូល្អ សម្រាប់ការគ្រប់គ្រងការរាតត្បាតនៃ COVID-19។ មកទល់បច្ចុប្បន្នតៃវ៉ាន់មានករណីឆ្លង ៤២៦ករណី ក្នុងនោះ ២៣៦ករណីបានជាសះស្បើយ ហើយអ្នកជំងឺធ្ងន់ធ្ងរ ០៦នាក់បានស្លាប់។
ប៉ុន្តែការរកឃើញករណីឆ្លង ២៨ថ្មី នៅលើកប៉ាល់យោធាមួយគ្រឿង របស់កងទ័ពជើងទឹកតៃវ៉ាន់ ដែលបានបំពេញបេសកកម្មក្នុងន័យមិត្តភាព ទៅកាន់ប្រទេសដីកោះផាឡាវ (Palau) នៅតំបន់ប៉ាស៊ីហ្វិកកាលពីខែមុន កំពុងបង្កឲ្យមានក្តីព្រួយបារម្ភខ្លាំងនៅតៃវ៉ាន់ រហូតបង្ខំឲ្យ បណ្តាអភិបាលក្រុង នានាលើកោះតៃវ៉ាន់ រួមមានទីក្រុងតៃប៉ិផងដែរ ជជែកដេញដោលមតិជុំវិញការបិទដែនដីកោះនេះតែម្តង ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលកាន់តែខ្លាំងនៃ COVID-19៕