អាជ្ញាធរអគ្គិសនីជាតិថៃ មិនយកថ្លៃភ្លើងពីពលរដ្ឋ ២២លានគ្រួសារ ក្នុងរយៈពេល ៣ខែដើម្បីជួយសម្រាលទុក្ខពលរដ្ឋដែលកំពុងរងគ្រោះផ្នែកសេដ្ឋកិច្ចនៃការរាតត្បាតវីរុសកូវីដ ១៩
(ថៃ)៖រាជរដ្ឋាភិបាលប្រទេសថៃសម្រេច មិនយកថ្លៃភ្លើង ពីពលរដ្ឋ ២២លានគ្រួសារ ក្នុងរយៈពេល ៣ខែ ដោយសារ ដោយសារដើម្បីជួយពលរដ្ឋ ដែលកំពុងរងគ្រោះផ្នែកសេដ្ឋកិច្ច នៃការរាតត្បាតវីរុសកូវីដ ១៩
គណៈរដ្ឋមន្ត្រីថៃ នៅរសៀលថ្ងៃអង្គារ៍ បានអនុម័តលើការសម្រេចចិត្តថ្មីមួយ របស់អាជ្ញាធរអគ្គិសនីជាតិថៃ ដោយមិនយកប្រាក់ ឬបន្ធូរបន្ថយតម្លៃភ្លើងសម្រាប់ពលរដ្ឋ ២២លានគ្រួសារនៅទូទាំងប្រទេស ដែលកំពុងសម្ងំនៅផ្ទះ។
រដ្ឋមន្ត្រីក្រសួងថាមពល លោក Sontirat Sontijirawong បានថ្លែងក្រោយចូលរូមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា នេះជាជំហានថ្មីមួយទៀត របស់ គណៈកម្មាធិការបទប្បញ្ញត្តិថាមពលថៃ ដោយតម្រូវអាជ្ញាធរអគ្គិសនីខេត្ត ក្រុងទាំងអស់អនុវត្តតាម។ ដំណោះស្រាយថ្មីនេះ ធ្វើឡើងសម្រាប់រយៈពេល ៣ខែ គិតចាប់ពីខែមីនា ដល់ខែឧសភា សម្រាប់ពលរដ្ឋប្រមាណ ២២លានគ្រួសារ ដែលមានន័យថា រដ្ឋនឹងត្រូវចំណាយប្រាក់ប្រមាណ ២៦៦៨លានបាត សម្រាប់ប៉ះប៉ូវតម្លៃអគ្គិសនីដែលមិនយកពីពលរដ្ឋអំឡុងពេលនេះ។
លោក Sontirat Sontijirawong លើកឡើងថា ដំណោះស្រាយកាត់តម្លៃអគ្គិសនីសម្រាប់ផ្ទះពលរដ្ឋ គឺដើម្បីជួយសម្រួលដល់ ការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋដែលកំពុងសម្ងំនៅផ្ទះ ជាផ្នែកមួយគាទ្រដល់វិធានការទប់ស្កាត់វីរុសកូវីដ ១៩ របស់រដ្ឋាភិបាល។