ក្រសួងការងារ៖ កម្មករ​ ៤៤នាក់ មាន​រោគសញ្ញា​សង្ស័យ​កូវីដ១៩ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត២

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២១ ខែមេសានេះ កម្មកររោងចក្រ ដែលទើបវិលត្រឡប់ពីចូលឆ្នាំខ្មែរនៅស្រុកកំណើត ចំនួន ៤៤នាក់ហើយ ត្រូវបានរកឃើញថា មានរោគសញ្ញាសង្ស័យនៃវីរុសកូវីដ១៩ និងត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កកម្រិត២ នៅវិទ្យាល័យជម្ពូវ័ន ដើម្បីត្រួតពិនិត្យបន្ត។

យោងសេចក្ដីប្រកាសព័ត៌មាន ក្រសួងការងារ ការរកឃើញនេះ គឺបន្ទាប់ពីមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ បានធ្វើការត្រួតពិនិត្យសុខភាពលើកម្មកររោងចក្រ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមេសា (គិតត្រឹមម៉ោង១១ព្រឹក)។

បើតាមក្រសួងការងារ កម្មកររោងចក្រ ដែលត្រូវបានត្រួតពិនិត្យសុខភាព មានចំនួនជិត ១៥០០នាក់ ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ១៣៣៥នាក់ និងដាក់ឱ្យនៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅវិទ្យាល័យជម្ពូវ័ន ចំនួន ៤៤នាក់។

សូមបញ្ជាក់ថា  មណ្ឌលចត្តាឡីស័កកម្រិត១ គឺសម្រាប់ដាក់ចត្តាឡីស័កកម្មកររោងចក្រ ដែលមិនមានរោគសញ្ញាសង្ស័យ និងមិនមានកន្លែងស្នាក់នៅដោយមូលហេតុណាមួយ ដូចជាមានសំណូមពរពីម្ចាស់ផ្ទះ ឬអ្នកស្នាក់នៅជាមួយ ដែលមិនទាន់ឱ្យចូលស្នាក់នៅ។ ចំណែក មណ្ឌលចត្តាឡីស័កកម្រិត២ សម្រាប់ដាក់ចត្តាឡីស័កកម្មកររោងចក្រ ដែលមានរោគសញ្ញាសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds