នៅកូរ៉េខាងត្បូង ធ្លាក់ចុះអត្រាឆ្លងជំងឺ COVID-19កាន់តែទាបខណៈក្នុងមួយថ្ងៃ រកឃើញតែ៩ករណី

(សេអ៊ូល)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីតែ ០៩នាក់ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកជាអត្រាឆ្លងប្រចាំថ្ងៃ ទាបបំផុតថ្មីមួយទៀត ខណៈករណីឆ្លងសរុបកើនឡើងដល់ ១០,៦៨៣ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

សម្រាប់អត្រាឆ្លងប្រចាំថ្ងៃស្ថិតក្នុងរង្វង់ក្រោម ២០ករណីបែបនេះ បានកើតមានឡើង ០៤ថ្ងៃជាប់ៗគ្នាមកហើយ ដោយប្រការនេះបានបង្ហាញថា អត្រាឆ្លងថ្មីៗនៃ COVID-19 នៅកូរ៉េខាងត្បូងកាន់តែធូរស្រាលខ្លាំងឡើងៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ នៅក្នុងចំណោមករណីរកឃើញអ្នកផ្ទុក COVID-19 ទាំង ១០នាក់ខាងលើនេះ គឺមាន ០៥នាក់ជាប្រភេទករណីនាំចូល ដែលបានធ្វើឲ្យចំនួនករណីនាំចូលជំងឺនេះ នៅកូរ៉េខាងត្បូង កើនឡើងដល់ ១,០១១នាក់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ អ្នកជំងឺ COVID-19 ម្នាក់ទៀតផងដែរបានបាត់បង់ជីវិត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប នៅកូរ៉េខាងត្បូងកើនឡើងដល់ ២៣៧នាក់ ឬស្មើនឹងអត្រាស្លាប់ ២.២២ភាគរយ។ ងាកទៅមើលចំនួនអ្នកជាសះស្បើយវិញ នៅថ្ងៃចន្ទដដែលអ្នកជំងឺ ៩៩នាក់ទៀតត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដែលប្រការនេះបាននាំឲ្យចំនួនអ្នកជាសះស្បើយពី COVID-19 សរុបនៅកូរ៉េខាងត្បូងកើនដល់ ៨,២១៣នាក់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds