ក្រុងវូហានធ្វើការកែតម្រូវតួរលេខចំនួនមនុស្សស្លាប់ដោយសារ COVID-19 ដោយបូកបន្ថែមអ្នកស្លាប់១,២៩០នាក់ទៀត ធ្វើឲ្យអ្នកស្លាប់សរុបនៅចិនកើនដល់ ៤,៦៣២នាក់
(វូហាន)៖ ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ស្ថិតនៅភាគកណ្ដាលប្រទេសចិន នៅថ្ងៃសុក្រនេះបានធ្វើការកែតម្រូវ ក៏ដូចជាធ្វើបច្ចុប្បន្នភាពចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
បើតាមទីស្នាក់ការកណ្ដាលទីក្រុងវូហាន សម្រាប់បង្ការ និងគ្រប់គ្រង COVID-19 ចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងមួយនេះ គិតត្រឹមថ្ងៃទី១៦ ខែមេសា ត្រូវបានកែតម្រូវដោយកើនឡើងដល់ ៥០,៣៣៣ករណី ក្រោយអ្នកឆ្លង ៣២៥នាក់ត្រូវបានរាយការណ៍ ខណៈអ្នកស្លាប់ក៏បានកើនឡើង ១,២៩០ករណីបន្ថែមទៀត នាំឱ្យអ្នកស្លាប់សរុបហក់ឡើងដល់ ៣,៨៦៩នាក់ផងដែរ (តែនៅក្នុងទីក្រុងវូហានមួយប៉ុណ្ណោះ)។
បន្ថែមពីលើនេះ នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន ទីស្នាក់ការកណ្ដាលទីក្រុងវូហានបានអះអាងថា ការធ្វើបច្ចុប្បន្នភាព តួលេខអ្នកឆ្លង និងអ្នកស្លាប់នៅពេលនេះ គឺត្រូវបានធ្វើឡើងស្របទៅតាមច្បាប់ និងបទបញ្ញត្តិនានា រួមទាំងគោលការណ៍ទទួលខុសត្រូវ លើប្រវត្តិប្រជាជន និងអ្នកស្លាប់។ ការចេញផ្សាយតួលេខនេះ គឺមានភាពបើកចំហ និងតម្លាភាព ជាមួយតួលេខពិតប្រាកដ។
គួរបញ្ជាក់ថា ក្រោយការបូកបន្ថែមខាងលើនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់នៅចិនដោយសារជំងឺ COVID-19 សរុបកើនដល់ ៤,៦៣២នាក់ និងករណីឆ្លងសរុបកើនដល់ ៨២,៦៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយឡើងវិញមានសរុប ៧៧,៩៤៤នាក់៕