រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីលត្រូវ បណ្តេញចុះចេញពីតំណែងក្រោយខ្វែងគំនិតគ្នានឹងប្រធានាធិបតី ជុំវិញរឿង COVID-19

(ប្រេស៊ីល)៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឱ្យដឹងថា ចំនួនករណីឆ្លង COVID-19 ទូទាំងប្រទេសបានកើនដល់ ៣០,៤២៥ករណី ហើយក្រោយការប្រកាសនេះ តែប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែរដ្ឋមន្ត្រីសុខាភិបាល លោក ល្វីស ហិនរីគ មែនដេតតា (Luiz Henrique Mandetta) ត្រូវបានបណ្ដេញចេញតំណែងភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។

នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល លោក Luiz Henrique Mandetta បានអះអាងថា រូបលោកត្រូវបានលោកប្រធានាធិបតីប្រេស៊ីល ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បណ្ដេញចេញពីតំណែង បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេរាយការណ៍ថា មានការខ្វែងគំនិតគ្នា ជុំវិញយុទ្ធសាស្ត្រដោះស្រាយវិបត្តិ COVID-19។

លោក Mandetta គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលគាំទ្រដល់វិធានការគម្លាតសុវត្ថិភាព និងការសម្រេចចិត្តរបស់អភិបាល រដ្ឋមួយចំនួនក្នុងការបិទសាលារៀន និងអាជីវកម្មនានា។ ប៉ុន្តែយុទ្ធសាស្ត្របែបនេះ បានធ្វើឱ្យលោកមានភាពល្អក់កករ ជាមួយលោកប្រធានាធិបតី Bolsonaro ដែលពីដំបូងឡើយធ្លាប់ចាត់ទុកថា COVID-19 គ្រាន់តែជំងឺផ្ដាសាយកំប៉ិកកំប៉ុកតែប៉ុណ្ណោះ។

គួរជម្រាបថា បើតាមក្រសួងសុខាភិបាលប្រេស៊ីល គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ១,៩២៤នាក់ផងដែរ ជាមួយអត្រាមរណ ៦.៣ភាគរយ។ ចំណែកឯរដ្ឋ សៅផូឡូ (Sao Paulo) មានករណីឆ្លងច្រើនជាងគេរហូតដល់ ១១,៥៦៨ករណី តាមពីក្រោយរដ្ឋរីយ៉ូ ដឺហ្សេណេរ៉ូ (Rio de Janeiro) ៣,៩៤៤ករណី, រដ្ឋសៀរ៉ា (Ceara) ២,៣៨៦ករណី, រដ្ឋ អាម៉ាហ្សូណាស៍ (Amazonas) ១,៧១៩ករណី និងរដ្ឋ ភើណាំប៊ូកូ (Pernambuco) ១,៦៨៣ករណី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds