គ្រឿង​សំអាង​ក្លែងក្លាយ និង​គ្មាន​ច្បាប់​អនុញ្ញាត​ ជាង​១៣​តោន​ ត្រូវបានសមត្ថចុះចាប់ពី​អ្នកលក់តាម​អន​ឡាញ ​(Face Book)

(ភ្នំពេញ)៖ ​សមត្ថកិច្ច​ចម្រុះ ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួងមហាផ្ទៃ ​បាន​ចុះបង្ក្រាប​ផលិតផល​នាំចូល​ស្តុក​ទុក ​និង​ចែកចាយ​ខុសច្បាប់ ​ចំនួន​ជាង​២,០០០​កេស​ ស្មើនឹង​ប្រមាណ​១៣​តោន​ (​សារធាតុ​សម្លាប់​មេរោគ​ និង​គ្រឿងសម្អាង​) ​នៅ​កន្លែង​ស្តុក​ទុក​មួយ​កន្លែង​របស់​អ្នកលក់​តាម​ប្រព័ន្ធ​អន​ឡាញ​(​ហ្វេ​ស​បុក​) ​នៅ​ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៩​ ម្សិលមិញ​នេះ​។

យោងតាម​របាយការណ៍ របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី ៩ ខែមេសា​ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច ​របស់​គណៈម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ​បាន​ចុះ​បង្ក្រាប​ផលិតផល​នាំចូល​ស្តុក​ទុក ​និង​ចែកចាយ​ខុសច្បាប់​ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ ដោយមាន​ការ​សម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ​ព្រះរាជអាជ្ញារង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី មន្ត្រី​សុខាភិបាល​ខណ្ឌ ​និង​មន្ត្រី​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ។

របាយការណ៍​ បាន​បង្ហាញថា ការចុះ​ត្រួតពិនិត្យ​នេះ គណៈកម្មាធិការ​អន្តរក្រសួង របស់ គ​.​ប​.​ផ​.​ក បាន​រក​ឃើញ​ផលិតផល​ខុសច្បាប់​ជាច្រើន​មុខ សរុប​ចំនួន​ជាង ២,០០០​កេស​ ស្មើនឹង​ប្រមាណ​១៣​តោន (​សារធាតុ​សម្លាប់ មេរោគ ម៉ាស់ និង​គ្រឿងសម្អាង​) ដូចជា​ សាប៊ូកក់សក់​ម៉ាក Max Care ចំនួន ៥​កេស​, សប៊ូ​កក់សក់​ម៉ាក THDH ចំនួន ៥៦០​កេស​, ក្រណាត់​ស៊ើម សម្លាប់​មេរោគ​៧០០​កេស​, ម៉ាស់​ម៉ាក HI PM2.5 ចំនួន ៤​កេស​,​ជែ​ល​លាងដៃ​សម្លាប់​មេរោគ​ម៉ាក​ SOUEEUE (៥០០​ម​.​ល​) ចំនួន ៤៧៥​កេស​,​ជែ​ល​លាងដៃ​សម្លាប់​មេរោគ​ម៉ាក ​Max Care (៥៥​ម​.​ល​) ចំនួន ៦០​កេស​, Spray បណ្តុះ​សក់​ចំនួន ៥​កេស​,​និង​Spray អាល់កុល​ម៉ាក Ferfanduo (១០០​ម​.​ល​) ​ចំនួន ៤៥​កេស​។

ប្រភព​ដដែល​ បានបញ្ជាក់​ទៀតថា​ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ផលិតផល​ទាំងនេះ សមត្ថកិច្ច​ចម្រុះ បាន​ពិនិត្យ ​និង​សន្និដ្ឋាន​បឋម​ទីតាំង​នាំចូល​ស្តុក​ទុ​ក និង​ចែកចាយ​ខាងលើ​មិន​អនុលោម​តាមច្បាប់​កំណត់​ដូចជា ​ពុំមាន​លើក​ស្លាក​យីហោ​ត្រឹមត្រូវ​,​ផលិតផល​ទាំងនេះ​ ពុំមាន​ចុះ​បញ្ជិកា រ ឬ​លេខ​ប្រវេទន៍​ ពី​ក្រសួងសុខាភិបាល​,​គ្មាន​អាជ្ញាប័ណ្ណ​បើក​គ្រឹះស្ថាន​អាហរ័ណ​ នីហរ័ណ​គ្រឿងសម្អាង ពី​ក្រសួងសុខាភិបាល​,​គ្មាន​លិខិតបញ្ជាក់​គុណភាព​ផលិតផល​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​,​ផលិតផល​ទាំងនេះ អាច​នឹង​អន់​គុណភាព ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​,​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ដាក់​លក់​ផលិតផល​លើ​ទីផ្សារ​, បាន​ធ្វើ​ការឃោសនា​ផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ​តាម​បណ្តាញ​សង្គម Facebook ​ដោយ​មិនបាន​ស្នើសុំ​ការ​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ជាដើម​។

ក្រោយពី​បាន​ពិនិត្យ និង​ការសន្និដ្ឋាន​ខាងលើ សមត្ថកិច្ច​ចម្រុះ ​សម្រេច​ផ្អាក​អាជីវកម្ម​បណ្តោះ​អាសន្ន ហើយ​ផលិតផល​ទាំងនេះ​ឃាត់​រក្សាទុក​នៅ​ទីតាំង​ដដែល​ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន​យក​ទៅ​ធ្វើការ​ពិសោធន៍​និង​សមត្ថកិច្ច​ចម្រុះ រប​ស់​ គ​.​ប​.​ផ​.​ក ​កំពុង​បាន​បន្ត​នីតិវិធី ចាត់វិធានការ​តាមច្បាប់​។

យ៉ាងណាក៏ដោយ​គណៈកម្មាធិកា​រ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៅ ​បាន​បន្ត ​អំពាវនាវ​ដល់​សាធារណៈជន​មេត្តា​ចូលរួម ​និង​សហការ​ផ្តល់​ព័ត៌មាន​អំពី​ទីតាំង​ចែកចាយ​ ឬ​ជន​ផលិត​ ដែល​ចែកចាយ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ និង​សុវត្ថិភាព​សង្គម ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds