ក្រសួងសុខាភិបាល សម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ក្រសួងសម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ នៅវេលាម៉ោង ៩៖៣០នាទី ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩។
ក្នុងសេចក្តីជូនព័ត៌មាននៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងបានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។
សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា ការសម្រេចធ្វើសន្និសីទសារព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ៕