បុរសម្នាក់ចាប់បោកក្មួយស្រីទៅនឹងសសរផ្ទះរងរបួសធ្ងន់

ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 11:32 AM

(កំពង់ឆ្នាំង) ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវបានសាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​សម្រេច​ឃុំខ្លួនកាលពី​រសៀល​ថ្ងៃ​ទី០៨ ខែមេសា ឆ្នាំ ២០១៩ ពី​បទ​ប្រើ​អំពើ​ហឹង្សា​ដោយចាប់​បោក​ក្មួយ​ស្រីម្នាក់​អាយុ​០៣​ឆ្នាំ​ទៅនឹង​សសរផ្ទះ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ នៅ​ភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​ថេ​ត ថា អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​​ ស្ថិតនៅក្នុងភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង ។ រីឯកុមារី​រង​គ្រោះ​ឈ្មោះ​រ័​ត្ន ស៊ីវ អុី អាយុ​ ០៣ឆ្នាំ​។ប្រភព​ព័ត៌មាន​បន្ត​ថានៅ​មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​ខឹងនឹង​ក្មេង​ស្រី​ស្រែក​ឡូឡា ក៏​បាន​ចាប់​ជើង​ក្មេង​ស្រី​ដែល​ត្រូវជា​ក្មួយបង្កើត​បោក​នឹង​សសរផ្ទះ រួច​យក​ដំបង​វាយ​ពីលើ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។ ភ្លាម​ៗ​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ចូល​ទៅ​ជួយ​ចាប់ឃាត់ និង​ចាប់​ជន​ដៃដល់​បញ្ជូន​ទៅ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds