ពលរដ្ឋខ្មែរម្នាក់ទៀតរស់នៅសហរដ្ឋអាមេរិក ដែលស្លាប់ដោយសារតែជម្ងឺកូវីដ១៩ ដោយសារតែពេទ្យមិនយកចិត្តទុកដាល់លើអ្នកជម្ងឺ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកម្នាក់ទៀត បានទទួលមរណភាពដោយសារតែជំងឺកូវីដ១៩ កាលពីម៉ោង១១៖៤៥នាទីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។ មរណភាពនេះត្រូវបានអះអាងថា កើតមកពីភាពយឺតយ៉ាវមិនយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យក្នុងការមកទទួលយកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ។

ពលរដ្ឋខ្មែរដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះ ពុជ រស្មី អាយុ៥៤ឆ្នាំ រស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

យោងតាមលោក ជា ហួង ដែលជាមិត្តភក្តិ ឲ្យដឹងថា នៅមុនពេលជនរងគ្រោះឈានដល់បាត់បង់ជីវិត លោក ពុជ រស្មី បានកើតជំងឺគ្រុន ហើយបានព្យាយាមទាក់ទងទៅគ្រូពេទ្យជាច្រើនដង តែគេមិនមកទទួលយកទៅព្យាបាលនោះឡើយ ដោយគេឆ្លើយតបថា ជំងឺនៅសភាពធូរស្រាលនៅឡើយ ចាំស្ថានភាពធ្ងន់ទើបទៅទទួល។

រហូតដល់ស្ថានភាពធ្ងន់ធ្ងរខ្លាំង ទើបក្រុមគ្រូពេទ្យមកទទួលយកអ្នកជំងឺទៅមន្ទីរពេទ្យនៅទីក្រុងញូវយ៉ក។ បើតាមលោក ជា ហួង ពេលមកទទួលនេះ ក្រុមគ្រូពេទ្យមិនបានទៅលើកអ្នកជំងឺនោះទេ ព្រោះតែខ្លាចឆ្លងជំងឺ ដោយតម្រូវឱ្យគ្រួសារលើកអ្នកជំងឺដាក់លើរថយន្តសង្គ្រោះដោយខ្លួនឯងជំនួសវិញ។លោក ជា ហួង បានឱ្យដឹងថា ក្រោយពេលយកទៅដល់មន្ទីរពេទ្យគេមិនបានអនុញ្ញាតឱ្យក្រុមគ្រួសារចូលទៅជិតនោះឡើយ ហើយពេលទទួលមរណភាពក៏មិនបានឱ្យគ្រួសារសាច់ញាតិទៅជិតផងដែរ។

លោក ជា ហួង បានលើកឡើងថា មរណភាពរបស់លោក ពុជ រស្មី គឺបណ្តាលមកពីភាពយឺតយ៉ាវរបស់ក្រុមគ្រូពេទ្យ។ លោកថា បើក្រុមគ្រូពេទ្យយកចិត្តទុកដាក់ហើយទៅទទួលអ្នកជំងឺតាំងពីឈឺដំបូង គឺមិនប៉ះពាល់ដល់អាយុជីវិតបែបនេះឡើយ។លោកក៏បានបញ្ជាក់ផងដែរថា សេវាសុខាភិបាលនៅសហរដ្ឋអាមេរិកមិនងាយស្រួលនោះឡើយ ពេលឈឺគឺមិនងាយហៅគ្រូពេទ្យមកទទួលទៅព្យាបាលនោះឡើយ។

រហូតមកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សហរដ្ឋអាមេរិក មានអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣២១,៥១៧នាក់ហើយ ខណៈអ្នកស្លាប់មានរហូតដល់ ៩,១២៩នាក់ ហើយអ្នកព្យាបាលជាមានចំនួន ១៦,៥៧០នាក់។ ប្រទេសអាមេរិក ក្លាយជាប្រទេសដែលមានអ្នកកើតជំងឺកូវីដ១៩ច្រើនជាងគេបំផុត ក្នុងចំណោមប្រទេស និងដែនដីចំនួន២០៨ ដែលកើតមានជំងឺនេះ។

នៅសហរដ្ឋអាមេរិកជាដែនដីមួយ ដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនណាស់ផងដែរ។ តែមកដល់ពេលនេះមិនទាន់មានរបាយការណ៍ ឬទិន្នន័យច្បាស់លាស់ថា តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ឆ្លង និងប៉ុន្មាននាក់ប៉ះពាល់អាយុជីវិតនោះឡើយ?

សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិក កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយសារតែចំនួនអ្នកឆ្លងកើនឡើងច្រើន ធ្វើឱ្យខ្វះមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ ហើយក្រុមគ្រូពេទ្យ និងសម្លៀកបំពាក់ សម្ភារៈផ្សេងៗទៀត សម្រាប់គ្រូពេទ្យប្រើប្រាស់ក៏ខ្វះខាតផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds