ក្រសួងប្រកាសឲ្យបិទក្លឹបហាត់ប្រាណទាំងអស់ទូទាំងប្រទេសជាបណ្តោះអាសន្ន ដោយសារកូវីដ១៩
(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំយុវជន និងកីឡា បានស្នើឲ្យអាជីវកម្មក្លឹបហាត់ប្រាណទាំងអស់នៅទូទាំងប្រទេសផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតនេះត្រូវបានបញ្ចប់។
គួរបញ្ចាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រាជរដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក៕