ឡាវនៅតែរកមិនឃើញករណីឆ្លង COVID-19 ថ្មីសូម្បីតែម្នាក់នៅថ្ងៃអង្គារនេះ, ចំនួនសរុប៩ករណីដដែល
(វៀងច័ន្ទ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលឡាវបានបញ្ជាក់នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០នេះថា គ្មានករណីឆ្លង COVID-19 ត្រូវបានរកឃើញនោះឡើយ នៅរយៈពេលពេញមួយថ្ងៃនេះតែម្តង ដែលជាហេតុធ្វើឲ្យចំនួនករណីឆ្លង ជំងឺរាតត្បាតសកល ក្នុងប្រទេសអាស៊ានមួយនេះ ស្ថិតនៅ ០៩នាក់ដដែល។
អាជ្ញាធរឡាវបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកជំងឺទាំង ០៩នាក់ខាងលើនេះ គឺមាន ០៦នាក់នៅរដ្ឋធានីវៀងច័ន្ទ និង ០៣នាក់នៅលួងប្រាបាង (Luang Prabang) ហើយពួកគេទាំងអស់គ្មានអការៈធ្ងន់ធ្ងរនោះឡើយ និងកំពុងស្ថិតក្នុងការព្យាបាលយ៉ាងយកចិត្តទុកដាក់។
គួរបញ្ជាក់ថា ប្រទេសឡាវទើបតែបានរកឃើញករណីឆ្លង COVID-19 ជាលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនា។ ក្រៅពីករណីឆ្លងទាំង ០៩ករណីខាងលើនេះ ករណីសង្ស័យ ៣១នាក់ទៀត ក៏កំពុងស្ថិតនៅក្នុងការពិនិត្យផងដែរ៕