នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានគេដាក់ឲ្យស្នាក់នៅដាច់ដោយឡែកពីគេ១៤ថ្ងៃ ក្រោយមនុស្សជំនិតរបស់លោកម្នាក់ ឆ្លង COVID-19
(ហ្សេរុយសាឡឹម)៖ លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ នៅថ្ងៃចន្ទនេះ បន្ទាប់ពីមនុស្សជំនិតរបស់លោកម្នាក់ ត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 បើទោះជាការធ្វើតេស្ដដំបូងបង្ហាញថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល វ័យ៧០ឆ្នាំរូបនេះ មិនមានផ្ទុកជំងឺដ៏កាចសាហាវនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
បើតាមក្រុមមន្ត្រីអ៉ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ នឹងទទួលការធ្វើតេស្ដសារជាថ្មីនៅថ្ងៃអង្គារសប្ដាហ៍នេះ ខណៈការធ្វើតេស្ដកាលពីថ្ងៃទី១៥ ខែមីនា បង្ហាញ លទ្ធផលអវិជ្ជមាន។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក៏បានឱ្យដឹងដែរថា មនុស្សជំនិតម្នាក់ខាងលើដែលបានឆ្លង COVID-19 បានចូលរួមនៅក្នុងសម័យប្រជុំសភា កាលពីសប្ដាហ៍មុន ហើយលោក ណឺតាន់យ៉ាហ៊ូ និងសមាជិកសភាជាច្រើនរូបទៀត មានវត្តមានក្នុងកិច្ចប្រជុំនេះដែរ។
គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ អ៉ីស្រាអែល មានអ្នកឆ្លង COVID-19 ៤,៣៤៧នាក់ ក្នុងនោះ១៥នាក់ស្លាប់៕