សម្តេចតេជោ ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយដើម្បីត្រៀមទប់ទល់នឹងការពារពីជំងឺកូវីដ១៩
(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានធ្វើសន្និសីទកាសែត ដោយសម្តេច បានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់។ ប៉ុន្តែសម្តេចតេជោ បន្ថែមថា ច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើង មិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។