អាមេរិកកំពុងពន្លឿនការអភិវឌ្ឍថ្នាំព្យាបាល COVID-19 និងវិធីសាស្ត្រផ្សេងៗទៀត
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកកំពុងតែពន្លឿនការអភិវឌ្ឈ ថ្នាំព្យាបាលជំងឺ COVID-19 ឲ្យបានកាន់តែយ៉ាងសកម្ម រួមមានទាំងការដកពិសោធន៍លើថ្នាំ ប្រឆាំងនឹងជំងឺគ្រុនចាញ់ (hydroxychloroquine) និងវិធីព្យាបាលតាមរយៈឈាមផ្សេងទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសេតវិមាន លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់ថា ថ្នាំអ៊ីដ្រុកស៊ីក្លររ៉ូឃ្វីន (hydroxychloroquine) ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ កំពុងត្រូវបានដាក់ប្រើប្រាស់ លើអ្នកជំងឺចំនួន ១,១០០នាក់នៅក្នុងរដ្ឋញូយ៉ក ដោយផ្សំជាមួយនឹងថ្នាំ ហ្សិតផេក (Z-Pak) ដែលជាថ្នាំម្យ៉ាងប្រឆាំងនឹងពពួកបាក់តេរី។
តែទោះជាយ៉ាងណា លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា «វាដូចជាលឿនពេកក្នុងការសន្មត់ថា ប្រសិទ្ធភាពរបស់ថ្នាំនេះវាយ៉ាងមេចនោះ ព្រោះវាទើបតែបានចាប់ផ្តើម ដាក់ឲ្យប្រើប្រាស់តែពីរថ្ងៃកន្លងមកនេះប៉ុណ្ណោះ។ យើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា»។
ទន្ទឹមគ្នានេះលោកប្រធានាធិបតីក៏បានបន្ថែមទៀតថា រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នូវការព្យាបាលដែលទាក់ទងនឹងឈាមដែលហៅថា ប្លាស្មា (convalescent plasma) សម្រាប់ការព្យាបាលអ្នកជំងឺធ្ងន់ធ្ងរផងដែរ។ ទាក់ទងនឹងការព្យាបាលដោយ «ប្លាស្មា» នេះ គឺគេយកប្លាស្មាឈាមពីអ្នកជំងឺ ដែលជាសះស្បើយរួច មកប្រើប្រាស់ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ របស់អ្នកជំងឺដទៃប្រឆាំងនឹងជំងឺ COVID-19 ហើយលទ្ធផលជាបឋមគឺវាល្អណាស់។