ភរិយារបស់នាយករដ្ឋមន្រ្តីប្រទេសកាណាដា ជាសះស្បើយឡើងវិញពីជំងឺ COVID-19
(កាណាដា)៖ បើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ លោកស្រី Sophie បានចាប់ផ្តើមទទួលការព្យាបាលជំងឺ កាលពីថ្ងៃទី១៣ ខែមីនា បន្ទាប់ពីការិយាល័យនាយករដ្ឋមន្រ្តីកាណាដា បានប្រកាសពីការធ្វើតេស្តវិជ្ជមាននៃ COVID-19 លើរូបលោកស្រី។ ចំណែក លោក Justin Trudeau មិនបានឆ្លងនោះទេ ហើយ ក៏ពុំមានរោគសញ្ញាសង្ស័យអ្វីដែរ ប៉ុន្តែលោកបានសម្រេចអនុវត្តវិធានការនៅដាច់ដោយឡែករហូតមកទល់ពេលនេះ។
គួរជម្រាបថា តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Facebook នាថ្ងៃអាទិត្យនេះ លោកស្រី Sophie បានប្រាប់ថា លោកស្រី មានអារម្មណ៍គ្រាន់បើជាងមុនឆ្ងាយ និងត្រូវបានអាជ្ញាធរសុខាភិបាលទីក្រុងអូតាវ៉ា ព្រមទាំងវេជ្ជបណ្ឌិតផ្ទាល់ខ្លួនទទួលស្គាល់ថា លោកស្រីបានជាសះស្បើយឡើងវិញទាំងស្រុងហើយពីជំងឺ COVID-19។
គិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ចំនួនអ្នកឆ្លង COVID-19 សរុបគឺ៥,៤២៥នាក់ ក្នុងនោះស្លាប់៦០នាក់៕