ប្រជាជននៅប្រទេសអ៊ីរ៉ង់រាប់រយនាក់បានស្លាប់ ដោយសារផឹកមេតាណុលការពារពីវីរុសកូវីដ-១៩
តេហេរ៉ង់៖ យោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់បានឱ្យដឹងថា ពលរដ្ឋអ៊ីរ៉ង់ជាង ៣០០ នាក់បានស្លាប់ ខណៈជាង ១.០០០ នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីផឹកមេតាណុល ដោយពួកគេជឿជាក់ថា វាអាចការពារមិនឱ្យឆ្លងវីរុសកូវីដ-១៩ បាន។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតមានឡើង បន្ទាប់ពីរូបមន្តថ្នាំព្យាបាលក្លែងក្លាយនេះ ត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គមនៅទូទាំងប្រទេសអ៊ីរ៉ង់។
លោកវេជ្ជបណ្ឌិត Hossein Hassanian ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់បាននិយាយថា៖បណ្តាប្រទេសជាច្រើនកំពុងជួបប្រទះបញ្ហាតែមួយគត់ គឺការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ ដោយឡែក នៅក្នុងប្រទេសអ៊ីរ៉ងគឺកំពុងតែជួបប្រទះនឹងបញ្ហាចំនួនពីរ ទី១ គឺការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ចំណែកទី២ គឺព្យាបាលអ្នកជំងឺដែលពុលមេតាណុលនេះឯង។
គួរជម្រាបផងដែរថា បើគិតមកត្រឹមថ្ងៃនេះ ប្រទេសបានរកឃើញអ្នកឆ្លងវីរុសកូវីត-១៩ សរុប ៣២,៣៣២ នាក់ ហើយក្នុងនោះមានអ្នកជំងឺយ៉ាងហោចណាស់ ២,៣៧៨ នាក់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ៕