ក្នុងរយៈពេលពេលតែ២៤ម៉ោង COVID-19 ផ្តាច់ជីវិតមនុស្ស ២៩៩នាក់ទៀតចំនួនអ្នកស្លាប់សរុបកើនដល់ជិត២ពាន់នាក់នៅប្រទេសបារាំង
(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលបារាំងបានប្រកាសឲ្យដឹងថា មនុស្ស២៩៩នាក់ទៀត បានស្លាប់កាលពីថ្ងៃសុក្រ ដែលជាហេតុនាំឲ្យមនុស្សស្លាប់សរុប ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះកើនឡើងដល់ ១,៩៩៥នាក់ នៅក្នុងចំណោមករណីឆ្លងសរុប ៣២,៩៦៤ករណី។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
អាជ្ញាធរបារាំងបានឲ្យដឹងទៀតថា អត្រាស្លាប់ថ្មីខាងលើនេះ គឺស្មើនឹងការកើនឡើង ១៨%នៅក្នុងរយៈពេល ២៤ម៉ោង ខណៈអត្រាឆ្លងថ្មីវិញ គឺស្មើនឹង ១៣% នៅក្នុងរយៈពេលដូចគ្នា។ នៅក្នុងចំណោមអ្នកជំងឺទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស អ្នកជំងឺប្រមាណ ៣,៧៨៧នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ឆាប់ៗខាងមុខនេះ បារាំងនឹងធ្វើការរាប់បញ្ចូលចំនួនមនុស្សស្លាប់ នៅតាមមណ្ឌលចាស់ជរានានាបន្ថែមទៀត ដែលវាប្រាកដណាស់ថា នឹងធ្វើឲ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងប្រទេសអឺរ៉ុបមួយនេះ កើនឡើងយ៉ាងគំហុក៕