លោក ដូណាល់ ត្រាំ ស្នើសុំជំនួយឧបករណ៍វេជ្ជសាស្រ្ដជាបន្ទាន់ពី កូរ៉េខាងត្បូង ដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យកូរ៉េខាងត្បូងបញ្ជូនឧបករណ៍វេជ្ជសាស្ត្រមកកាន់ទឹកដីខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលវីរុសកូវីដ-១៩ ដោយសន្យាថានឹងសងគុណវិញ តាមរយៈការបើកភ្លើងខៀវ និងជួយជ្រោមជ្រែងក្រុមហ៊ុនកូរ៉េដែលរកស៊ីផ្នែកផលិតឧបករណ៍វេជ្ជសាស្ត្រ។ នេះបើយោងតាមសារព័ត៌មាន Reuters។
សេតវិមាន បានប្រកាសតាមសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើបញ្ជូនឧបករណ៍វេជ្ជសាស្រ្ដ ក្រោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានពិភាក្សាតាមទូរស័ព្ទអស់រយៈ ២៣ នាទី និងតាមសំណើរបស់លោក ត្រាំ។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងត្បូង ត្រូវបានគេកោតសរសើរថាជាប្រទេសនៅដីអាស៊ី ដែលមានសមត្ថភាពគ្រប់គ្រងស្ថានការណ៍វីរុសកូវីដ-១៩បានយ៉ាងល្អ ក្រោយមានករណីឆ្លងកើនឡើងយ៉ាងគំហុក ប៉ុន្ដែតួលេខអ្នកស្លាប់ដោយជំងឺកាចសាហាវមានចំនួនទាប និងកំពុងថយចុះជាលំដាប់៕