ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៩ ត្រៀមខ្លួនខាតបង់ ដោយសារCOVID-19 ទើបបញ្ឈប់ការហោះហើរ

អគ្គនា​យកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) លោក Chula Sukmanop កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន ៩ បញ្ឈប់ការហោះហើររបស់ពួកគេដោយសារស្ថានភាពនៃវីរុសកូវីដ១៩ កាន់តែធ្ងន់ធ្ងរ។ យោងតាមប្រសាសន៍របស់ អគ្គនាយករូបនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ទាំង ៩ ដែលបានដាក់សំណើដើម្បីបញ្ឈប់ប្រតិបត្តិការរបស់ពួកគេជាបណ្តោះអាសន្ននោះរួមមាន៖ Thai Airways International, Thai Smile, Bangkok Airways, Thai AirAsia, Thai AirAsia X, Thai Lion Air, Nok Air, Nok Scoot និង Thai VietJet Air។

លោកបានឲ្យដឹងបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនចង់លុបចោលតែជើងហោះហើរ និងផ្លូវខ្លះប៉ុណ្ណោះ ដូច្នេះយើងបានយល់ព្រមតាមសំណើរបស់ពួកគេ ប៉ុន្តែទោះយ៉ាងណាពួកគេត្រូវតែមានផែនការទូទាត់សំណងដល់អតិថិជនដែលបានទិញសំបុត្ររបស់ពួកគេមកវិញ ហើយពួកគេត្រូវតែជូនដំណឹងដល់អតិថិជនអំពីការលុបចោលជើងហោះហើរជាមុន។

ទន្ទឹមនឹងនេះក្រសួងដឹកជញ្ជូនថៃមុននេះបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានបំណងលុបចោលជើងហោះហើររបស់ពួកគេដោយសារវិបត្តិ Covid-19 ត្រូវតែទូទាត់សងអតិថិជនរបស់ពួកគេដោយសងថ្លៃដើមនៃសំបុត្រ និងថ្លៃពាក់ព័ន្ធផ្សេងៗ។ ក្នុងករណីដែលអតិថិជនបានទិញសំបុត្រជាមួយសាច់ប្រាក់ប្រតិបត្តិការសងប្រាក់វិញត្រូវតែបញ្ចប់ក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីអតិថិជនបានដាក់ពាក្យស្នើសុំ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Thai Lion Air បានប្រកាសថានឹងផ្អាករាល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិចន្លោះថ្ងៃទី ២៥ ខែមីនាដល់ថ្ងៃទី ៣០ ខែមេសា។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ Thai Smile ក្រុមហ៊ុន Thai AirAsia និង Bangkok Airways ក៏បានប្រកាសថាពួកគេនឹងផ្អាករាល់ជើងហោះហើរអន្តរជាតិចាប់ពីថ្ងៃទី ២២ ខែមីនារហូតដល់មានការជូនដំណឹងបន្ថែម។ ក្រុមហ៊ុនអាកាសចរណ៍ថៃក៏បានប្រកាសកាលពីម្សិលមិញផងដែរថារាល់ជើងហោះហើរ TG ទៅអឺរ៉ុបនឹងត្រូវផ្អាកចាប់ពីថ្ងៃទី ១ខែមេសាដល់ថ្ងៃទី ៣១ ខែឧសភា ខណៈជើងហោះហើរក្នុងតំបន់រួមទាំងជើងហោះហើរទៅសិង្ហបុរីនឹងត្រូវផ្អាកចាប់ពីថ្ងៃទី ២៥ ខែមីនាដល់ថ្ងៃទី ៣១ ខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds