BREAKING NEWS: នូវែលសេឡង់កំពុងតែឈានទៅរក ការបិទប្រទេសទាំងមូល ដើម្បីទប់ទល់នឹង COVID-19
(វ៉ាលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសដីកោះមួយនេះកំពុងឈានទៅរក ការប្រកាសអាសន្នកម្រិតខ្ពស់បំផុត ខណៈសេវាកម្មនានាដែលមិនចាំបាច់ សាលារៀន និងការិយាល័យ នឹងត្រូវបិទទ្វារក្នុងរយៈពេល ៤៨ម៉ោង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។
សេចក្តីប្រកាសខាងលើនេះមានន័យថា ក្លឹបកម្សាន្ត ភោជនីយដ្ឋាន និងរោងកុនផងដែរ នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ន។ ទោះបីជាបែបនេះក្តី ឱសថស្ថាន និងផ្សារទំនើបនានា នឹងត្រូវបន្តដំណើរការដដែល (ក្រោមតាមដានសុវត្ថិភាពយ៉ាងតឹងរ៉ឹង) ដើម្បីឲ្យការផ្គត់ក្នុងប្រទេស មានស្ថិរភាព។ នេះបើតាមការបញ្ជាក់ដោយ លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់។
គួរបញ្ជាក់ថា សាលារៀនទាំងអស់នៅទូទាំងប្រទេសដីកោះមួយនេះ នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ។ លោកស្រី អាដឺន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «នូវែលសេឡង់ឥឡូវនេះ កំពុងតែរៀបចំដាក់ខ្លួនឯងឲ្យឯកោ (បិទទ្វារប្រទេស) ហើយ»។ បើតាមតួលេខចុងក្រោយ ប្រទេសនូវែលសេឡង់មានអ្នកឆ្លង COVID-19 សរុបជាង ១០០ករណី បន្ទាប់ពីការរកឃើញអ្នកឆ្លងថ្មីៗរហូតដល់ ៣៦ករណី នៅក្នុងពេលតែមួយថ្ងៃ៕