BREAKING NEWS: ថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 តែរថយន្តដឹកទំនិញចេញចូលធម្មតា

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តសាកែវ ប្រទេសថៃ បានប្រកាសបិទច្រកព្រំដែន ទាំងអស់ ជាមួយប្រទេសកម្ពុជា ដែលក្នុងនោះរួមមានខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដោយគេលើកឡើងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ប៉ុន្តែចំពោះរថយន្តដឹកទំនិញចេញ ចូល នៅជាបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ ដែលបណ្ដាញព័ត៌មាន Fast News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងលិខិតជូនដំណឹង បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ មានរយៈពេល ១៤ថ្ងៃ អាជ្ញាធរខេត្តសាកែវ ប្រទេសថៃ នឹងបិទទ្វារព្រំដែន ជាប់ជាមួយកម្ពុជា ជាបណ្ដោះអាសន្ន រួមមាន៖ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិភ្នំដី នៅខេត្តបាត់ដំបង,ទី២៖ ច្រកទ្វារតំបន់ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅខេត្តបាត់ដំបង,ទី៣៖ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ និងខេត្តបាត់ដំបង។

ក្នុងលិខិតនោះក៍បានបញ្ជាក់ដែរថា កន្លងអាជ្ញាធរថៃ ដែលនៅតាមបន្ទាត់ព្រំដែន ជាប់ជាមួយកម្ពុជា ក៏បានចេញវិធានការបិទជាបណ្ដោះអាសន្ន រាល់ចរាចរណ៍ឆ្លងកាត់ មកហើយដែររួមមាន៖ទី១៖ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ ត្រូវបានបិទនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ,ទី២៖ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០,ទី៣៖ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០,ទី៤៖ ច្រកអន្ដរជាតិព្រំ ខេត្ដប៉ៃលិន ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ និងទី៥៖ ច្រកអន្ដរជាតិចាំយាម ខេត្តកោះកុង ត្រូវបានបិទនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ក៏បានអំពាវនាវឲ្យបងប្អូនខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព តាមការណែនាំ របស់អាជ្ញាធរថៃ និងការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គមផងដែរ។
សូមបញ្ជាក់ថា៖ បើតាមក្រសួងសុខាភិបាលថៃ បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ថា ចំនួនអ្នកឆ្លងថ្មីនៃ COVID-19 មាន១៨៨ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប ទូទាំងប្រទេសកើនដល់ ៥៩៩នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open