អ៉ីតាលី សូម្បីតែបុណ្យសព ត្រូវតែផ្អាកសិនព្រោះតែការរាតត្បាត COVID-19កាន់តែខ្លាំងឡើង
(អ៊ីតាលី)៖ បើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sraits Times នារសៀលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ មិនមានពិធីបុណ្យសពទេ ហើយក៏មិនមានការចូលរួមរំលែកទុក្ខដែរ សម្រាប់ជនណាដែលស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសអ៊ីតាលី។
«ធា្លក់ខ្លួនឈឺដោយសារវីរុស COVID-19 នៅអាយុ ៨៣ឆ្នាំ ជីវិតដ៏វែងអន្លាយរបស់លោកតា Alfredo Visioli បានបញ្ចប់ជាមួយនឹងពិធីដ៏ខ្លីបំផុតមួយ នៅឯទីបញ្ចុះសពមួយក្បែរក្រុងក្រេម៉ូណា (Cremona) ដែលជាស្រុកកំណើតរបស់គាត់ នៅភាគខាងជើងប្រទេសអ៊ីតាលី។ ពួកគេបានបញ្ចុះសពគាត់ដូចនេះ ដោយគ្មានបានរៀបចំពីធីបុណ្យសពអ្វីឡើយ ហើយក៏គ្មានមនុស្សជាទីស្រលាញ់របស់គាត់ បានមកឃើញមុខជាលើកចុងក្រោយដែរ គឺមានតែអាចារ្យម្នាក់ប៉ុណ្ណោះ»។ នេះជាសម្តីរបស់ចៅស្រីនៃសព ដែលមានឈ្មោះថា ម៉ាតា មែនហ្វ្រេឌី (Marta Manfredi) បានរៀបរាប់ទាំងរលីងរលោងទឹកភ្នែក ព្រោះតែមិនអាចចូលរួមពិធីបុណ្យសពរបស់លោកខ្លួនបាន។ ជាមួយគ្នានេះ នាងក៏នាងបានស្បថថា «នៅពេលដែលអ្វីៗគ្រប់យ៉ាង (COVID-19) បានចប់សព្វគ្រប់ ខ្ញុំនឹងធ្វើពិធីបុណ្យសពជូនគាត់ឲ្យបានត្រឹមត្រូវជាមិនខាន»។
ប្រទេសអ៊ីតាលីវិញ ក្រុមហ៊ុនទទួលធ្វើបុណ្យសព កំពុងប្រើបណ្តាញភ្ជាប់វីដេអូ ដើម្បីអនុញ្ញាតឲ្យក្រុមគ្រួសារ អាចចូលរួមមើលពិធីបុណ្យសពពីចម្ងាយបាន។ ដោយឡែកនៅប្រទេសកូរ៉េខាងត្បូងការភ័យខ្លាចនៃវីរុសនេះ បានធ្វើឲ្យចំនួនអ្នកចូលរួមកាន់ទុក្ខ មានការថយចុះយ៉ាងខ្លាំង ដែលពុំធ្លាប់មានពីមុនមក។ សម្រាប់តំបន់ផ្សេងៗទៀតនៅលើពិភពលោក ក៏មានការកាត់បន្ថយ ឬផ្អាកការអនុវត្តទំនៀមទម្លាប់ និងប្រពៃណីគ្រប់ប្រភេទសិនដែរ ព្រោះថាពេលនេះពិភពលោកត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីកម្ចាត់ជំងឺកាចសាហាវ COVID-19 ដែលជាសត្រូវរួម៕