អ្នកចង់ជិះយន្តហោះចូលប្រទេសថៃទាល់តែមានលុយធានារ៉ាប់រងសុខភាព១សែនដុល្លារក្នុងខ្លួននិងលិខិតបញ្ជាក់គ្មាន COVID-19
(បាងកក)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានដាក់ចេញនូវបទបញ្ជាថ្មីមួយ ដោយតម្រូវឱ្យអ្នកធ្វើដំណើរតាមយន្ដហោះទាំងជនជាតិថៃ និងបរទេស បង្ហាញលិខិតបញ្ជាក់សុខភាពថា «មិនមានឆ្លង COVID-19» និងមានកាតធានារ៉ាប់រងសម្រាប់ព្យាបាលជំងឺមួយនេះជាមុនសិន មុននឹងអនុញ្ញាតឱ្យឡើងជិះយន្ដហោះមកកាន់ប្រទេសថៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។
ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃលោក ជូឡា ស៊ុកម៉ាណុប (Chula Sukmanop) បានប្រកាសពីបទបញ្ជាខាងលើ និងសំណើផ្សេងទៀត នៅថ្ងៃពុធសប្ដាហ៍នេះ ជាផ្នែកមួយនៃកិច្ចខិត ខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងបាងកក ក្នុងការទប់ស្កាត់ និងបង្ការការឆ្លង COVID-19។ លោកបានបន្ថែមទៀតថា អ្នកដំណើរទាំងអស់ដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន, ទីក្រុងហុងកុង, អ៉ីរ៉ង់, អ៉ីតាលី, ទីក្រុងម៉ាកាវ ឬប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ នឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ម្យ៉ាងវិញទៀត នៅពេលអ្នកដំណើរធ្វើការ check in ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែត្រួតពិនិត្យថា តើពួកគេធ្លាប់ធ្វើដំណើរទៅកាន់តំបន់ដែល COVID-19 កំពុងរាតត្បាតខ្លាំង ដែរឬទេនៅកំឡុង ១៤ថ្ងៃចុងក្រោយ។
បើតាមលោក Sukmanop ក្រុមហ៊ុនអាកាសចរណ៍ ត្រូវតែតម្រូវឱ្យអ្នកដំណើរបង្ហាញ លិខិតបញ្ជាក់សុខភាពថា «គ្មានផ្ទុក COVID-19» ដែលចេញក្នុងរយៈពេល ៧២ម៉ោងមុននឹងជើងហោះហើរចេញដំណើរ ព្រមទាំងតម្រូវឱ្យអ្នកដំណើរត្រូវមាន ប្រាក់ទុកធានារ៉ាប់រងសុខភាពយ៉ាងហោច ១០០,០០០ដុល្លារទុកបង្ការសម្រាប់ការព្យាបាលជំងឺនេះ នៅក្នុងប្រទេសថៃផងដែរ។ អ្នកដំណើរដែលមិនអាចបំពេញតាមលក្ខខណ្ឌទាំងនេះ នឹងមិនត្រូវអនុញ្ញាតឱ្យឡើងជិះយន្ដហោះ មកកាន់ប្រទេសថៃនោះទេ។
គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃពុធម្សិលមិញ ថៃមានអ្នកឆ្លង COVID-19 សរុប ២១២ករណី ក្នុងនោះអ្នកជំងឺម្នាក់ស្លាប់, ៤២ជាសះស្បើយ និង ១៦៩នាក់កំពុងសម្រាកព្យាបាល៕