អ្នកឆ្លងជំងឺCovid-19 កើនឡើងដល់៣៥នាក់ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតកាលពីយប់មិញ
(ភ្នំពេញ)៖ ការប្រកាសបែបនេះរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកនេះ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ទាំងអស់នេះ គឺជាករណីនាំចូល ហើយបច្ចុប្បន្នអ្នកទាំងអស់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានព្យាបាល។
អ្នកនាំពាក្យក្រសួងសុខាភិបាលបន្តអំពាវនាវគ្រប់សា្ថប័ន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារ ព្រោះវិធានការការពារ ជារឿងចាំបាច់បំផុត ដែលត្រូវរួមគ្នាអនុវត្តកាត់បន្ថយការយកដៃមកប៉ះពាល់មុខ ព្រោះប្រសិនបើដៃមានមេរោគងាយនឹងចម្លងជំងឺផ្សេងៗ ពិសេសកូវីដ១៩តែម្ដង។
សូមបញ្ជាក់ថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដនោះ រួមមាន នៅរាជធានីភ្នំពេញ, ខេត្តព្រះវិហារ, បន្ទាយមានជ័យ, បាត់ដំបង, កំពត, ត្បូងឃ្មុំ, កំពង់ឆ្នាំង, កោះកុង និងខេត្តកែបជាដើម៕