ចិន៖នៅពាក់កណ្តាលខែមេសា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) នឹងត្រូវធ្វើតេស្តលើកដំបូង
(សៀងហៃ)៖ នៅម៉ោង12:06 នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ម៉ោងនៅប្រទេសចិន សារព័ត៌មានដ៏ធំ និងល្បីឈ្មោះរបស់ចិន CGTN បានផ្សាយនូវព័ត៌មានដ៏ល្អថា វិទ្យាស្ថានប៉ាស្ទរទីក្រុងសៀងហៃ ដែលស្ថិតនៅក្រោម បណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសចិន បានធ្វើតេស្តដោយជោគជ័យហើយ ក្នុងការផលិតវ៉ាក់សាំងការពារវីរុស CoViD-19 ហើយគ្រោងនឹងធ្វើតេស្តជំហានដំបូងចាក់លើមនុស្សនៅពាក់កណ្តាលខែមេសាខាងមុខនេះ ។
វ៉ាក់សាំង mRNA នេះត្រូវបានអភិវឌ្ឍឡើងរួមគ្នា រវាងក្រុមហ៊ុនអភិវឌ្ឍឱសថនានា ដោយផ្អែកលើបច្ចេកវិទ្យា RNA ឈ្មោះ ស្ទែមើណា សែរ៉ាភើទិច (Stemirna Therapeutics) មានមូលដ្ឋាននៅទីក្រុងសៀងហៃ និងមន្ទីរពេទ្យសៀងហៃខាងកើត។ នៅសៀងហៃ ក៏មានការអភិវឌ្ឍវ៉ាក់សាំងមួយប្រភេទទៀតផងដែរគឺ VLP ដែលកំពុងស្ថិតក្រោមការសិក្សាស្រាវបន្ថែមទៀត នៅឯវិទ្យាស្ថានប៉ាស្ទ័រនៃទីក្រុងសៀងហៃ។
គួរជម្រាបថា ចាប់តាំងតែពីវីរុសកូរ៉ូណាថ្មី បានផ្ទុះរាលដាលឡើង ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តទៅលើ វិធីសាស្រ្តព្យាបាល ថ្នាំដែលមានប្រសិទ្ធភាព និងវ៉ាក់សាំងសម្រាប់ប្រឆាំងវា បានក្លាយជាកិច្ចប្រឹងប្រែងរួមជាសកល។ នៅសហរដ្ឋអាមេរិក ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹង COVID-19 ទើបតែបានធ្វើឡើងទៅលើមនុស្សមួយក្រុម ខណៈក្រុមហ៊ុនជាច្រើនផ្សេងទៀត កំពុងតែចំណាយថវិកា និងពេលវេលា ដើម្បីផលិតឲ្យបានវ៉ាក់សាំង ដែលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីនេះ៕