ថៃរកឃើញអ្នកឆ្លង COVID-19 ៣០នាក់ ក្នុងនោះ១១នាក់ឆ្លងពេលទស្សនា ការប្រកួតកីឡាប្រដាល់នៅបាងកក
(បាងកក)៖ ថ្ងៃអង្គារនេះប្រទេសថៃបានរាយការណ៍ពីការរកឃើញ ករណីឆ្លង COVID-19 ចំនួន ៣០នាក់ថែមទៀត ដែលប្រការនេះធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ១៧៧នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមិនា ឆ្នាំ២០២០។
លោក សុខុម កញ្ចណាភីម៉ៃ (Sukhum Kanchanaphimai) មន្រ្តីនៃក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងចំណោមករណីថ្មីខាងលើមាន ១១ករណីជាប់ទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់មួយ នៅទីក្រុងបាងកក ដែលមានករណីអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ខណៈ ១៩ករណីផ្សេងទៀត គឺជាអ្នកដែលបានធ្វើប្រាស្រ័យទាក់ទង ជិតស្និទ្ធជាមួយជនបរទេស។
គួរជម្រាបថា បើតាមការបញ្ជាក់របស់លោក Sukhum ភាគច្រើននៃករណីឆ្លងនៅក្នុងប្រទេសថៃគឺ ៧០-៨០ភាគរយ ត្រូវបានរកឃើញនៅក្នុងរាជធានីបាងកកផ្ទាល់។ មកទល់ពេលនេះ អ្នកជំងឺ COVID-19 ម្នាក់បានបាត់បង់ជីវិត និង ៤១នាក់បានជាសះស្បើយនៅថៃ៕